(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារ ជាមួយលោកស្រី Buthaina Ali Al Jabr Nuaimi រដ្ឋមន្ត្រីក្រសួងអប់រំ និងឧត្តមសិក្សានៃរដ្ឋកាតា អមដំណើរដោយលោក ស្មាន ម៉ាណាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាតា នៅទីស្តីការក្រសួងផ្ទាល់ ក្នុងទីក្រុងដូហា ប្រទេសកាតា។

ក្នុងជំនួបនេះ លោកបណ្ឌិត បានជម្រាបពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។ ជាក់ស្តែងសិស្សនិស្សិតឥស្លាមកម្ពុជា មានឱកាសទទួលបានការអប់រំ ដូចជានិស្សិតទូទៅ ហើយត្រូវបានរដ្ឋាភិបាលសម្រួលឲ្យស្លៀកសំល្លៀកបំពាក់បែបប្រពៃណី។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើសុំលោកស្រីរដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សតកម្ពុជា ដើម្បីមានឱកាសទៅបន្តការសិក្សានៅបណ្តាសាកលវិទ្យាល័យមួយចំនួន នៅប្រទេសកាតា ដូចជាសាកលវិទ្យាល័យរដ្ឋកាតា សាកលវិទ្យាល័យ Hamad Bin Khalifa University ជាពិសេស គឺមេត្តាពិនិត្យលទ្ធភាពបន្ថយលក្ខខណ្ឌមួយចំនួន សម្រាប់និស្សិតកម្ពុជាលទ្ធភាពបន្តការសិក្សាក្នុងរដ្ឋកាតា ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្នុងការនាំយកចំណេះដឹងនៅទីនោះ មកចូលរួមអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នាពេលអនាគត។

បន្ទាប់បានជ្រាបជាព័ត៌មានមួយចំនួនអំពីសហគមន៍ឥស្លាមកម្ពុជា លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវអារម្មណ៍រីករាយ និងគាំទ្រជាខ្លាំង ដែលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ ដោយមិនមានការរើសអើង ជាពិសេសនោះ គឺសហគមន៍ឥស្លាមកម្ពុជា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការងាយស្រួលប្រតិបត្តិសាសនា និងផ្តល់តួនាទីឲ្យបម្រើនៅតាមជួររាជរដ្ឋាភិបាលផងដែរ។

ជាការឆ្លើយតបលោកស្រីរដ្ឋមន្រ្តី បានឯកភាពជាគោលការក្នុងការពិនិត្យលទ្ធភាពធ្វើការសិក្សាជុំវិញករណីខាងលើ ដោយសហការជាមួយស្ថាប័ពាក់ព័ន្ធ និងផ្តល់អាទិភាពចំពោះសិស្សនិស្សិតកម្ពុជា ដើម្បីផ្តល់ឱកាសដល់ពួកគេបន្តការសិក្សាក្នុងសាកលវិទ្យាល័យទាំងពីរខាងលើ មិនថាចេះភាសាអារ៉ាប់ដែលជាគ្រឹះក្នុងភាពជោគជ័យរបស់និស្សិតផ្ទាល់ ឬមិនចេះភាសាអារ៉ាប់ក៏ដោយ ត្រូវផ្អែកលើមុខជំនាញផ្សេងៗ ប៉ុន្តែត្រូវចេះភាសាអង់គ្លេសជាចាំបាច់៕