(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះពិនិត្យដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ និងក្រុងសំពៅពូន ត្រួតពិនិត្យ និងបញ្ជាឲ្យបង្រ្កាបដោយគ្មានត្រាប្រណីចំពោះទីតាំងល្បែង ស៊ីសង គ្រប់ប្រភេទណាដែលគ្មានច្បាប់អនុញ្ញាត ពិសេសផ្ដោតសំខាន់ទៅលើសាខាទាំងឡាយណា ដែលគ្មានលិខិតអនុញ្ញាត្តឬបំពាននឹងច្បាប់ស្ដីពីល្បែងអេឡិចត្រូនិច។

ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអភិបាលរងខេត្ត បានដាក់ផែនការដាច់ណាត់ឲ្យបង្ក្រាបទីតាំងណាដែលគ្មានការអនុញ្ញាតឲ្យអស់ ហើយកុំខ្លាចរអាថាមានខ្នងជានរណា ព្រោះយើងមានសម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាខ្នងបង្អែករបស់យើងយ៉ាងរឹងមាំបំផុត។

លោកបានបញ្ជាក់ថា «ទីតាំងល្បែងគ្មានការអនុញ្ញាតច្បាប់ ត្រូវចុះចាប់ និងបិទបន្ទាន់ ហើយមិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗ បន្តទៀតនោះទេបើទោះបីជាមានអាជ្ញាបណ្ណក៏ដោយ ពិសេសកុំអាងថាមានអាជ្ញាបណ្ណ ហើយពង្រីកសាខាតាមតែចិត្ត គឺដាច់ខាតមិនឲ្យពង្រីកតាមទំនើងចិត្តឡើយ។ ព្រោះការលេងល្បែងនេះវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ខ្លាំងណាស់ បង្កការប្រើអំពើហិង្សា និងធ្លាក់ខ្លួននៅក្នុងស្ថានភាព បំណុលផងដែរ បញ្ហាចោរកម្ម ប្លន់ លួចជាដើម ដែលនេះជាបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋកុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់ នោះមានច្បាប់ក៏ដោយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ សម្ដេចធិបតី បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន នៃដែនសមត្ថកិច្ចរបស់ខ្លួនក្នុងករណីមានបន្តបើក ថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕