(ភ្នំពេញ)៖ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដោយចូលរួមដោយលោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ក្នុងកិច្ចប្រជុំ មានរបៀបវារៈ និងទិសដៅការងារមួយចំនួនដូចជា អានរបាយការណ៍ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត, កិច្ចពិភាក្សា និងវាយតម្លៃការងារ និងទិសដៅអនុវត្តបន្ត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានផ្ដល់អនុសាសន៍ដឹកនាំដោយពង្រឹងលើការគ្រប់គ្រងអាវុធ, ពង្រឹងវេនប្រចាំការ២៤/២៤ម៉ោង និងមានរបាយការណ៍ជូនថ្នាក់ដឹកនាំ, ការិយាល័យជំនាញ ត្រូវមានរបបកិច្ចប្រជុំប្រចាំសប្ដាហ៍ ប្រចាំខែឲ្យបានទៀងទាត់, ត្រូវពង្រឹងរបៀបរបបការងារ និងរបាយការណ៍, ពង្រឹងការងារគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានលើកនូវទិសដៅការងារមួយចំនួន រួមមាន៖ ធ្វើបច្ចុប្បន្នភាពស្ថានភាពមន្ត្រី និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងមន្ត្រី តាមសេចក្ដីជូនដំណឹងលេខ ០៤២ សជណ និងសេចក្ដីណែនាំលេខ ០០៤ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ, រៀបចំលិខិតបទដ្ឋាននានា សម្រាប់ចុះបច្ចុប្បន្នភាពតាមបណ្តារាជធានី-ខេត្ត និងក្រុមហ៊ុនផ្តល់សេវា។ សន្តិសុខឯកជន និងចាប់ផ្ដើមចុះបច្ចុប្បន្នភាពចាប់ពីដើមខែមីនាតទៅ, រៀបចំឯកសារស្នើសុំគោលការណ៍លុបចោលក្រុមហ៊ុនដែលក្យ័យធន និងបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ៕