(ដូហា-កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ស្នើប្រធានអឌ្ឍចន្ទក្រហមកាតា ពិនិត្យលទ្ធភាពជួយកម្ពុជា លើការងារមនុស្សធម៌ផ្សេងៗ ដូចជាការផ្តល់កញ្ចប់អាហារ និងជំនួញនានា សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងខែរ៉ាម៉ាឌន ជាពិសេសទៀតនោះគឺចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះអគ្គីភ័យឆេះផ្ទះ និងគ្រោះទឹកជំនន់។

ការស្នើសុំនេះ ត្រូវបានធ្វើឡើងនាឱកាសលោកបណ្ឌិត ជួបពិភាក្សាការងារជាមួយលោក Youssef Ali Al-Khater ប្រធានអឌ្ឍចន្ទក្រហមកាតា (Qatar Red Crescent Society) នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អមដោយលោក ស្មាន ម៉ាណាន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាតា នៅស្នាក់ការកណ្តាលអឌ្ឍចន្ទក្រហមកាតា ក្នុងទីក្រុងដូហា ប្រទេសកាតា។

នាឱកាសនោះ លោកបណ្ឌិត បានជម្រាបប្រធានអឌ្ឍចន្ទក្រហមកាតាថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់ជូននូវសិទ្ធិសេរីភាពពេញលេញ ដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ជាពិសេស សហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា និងសិទ្ធិធ្វើនយោបាយ។

លោកបានលើកឡើងទៀតថា នៅកម្ពុជាក៏មានស្ថាប័នកាកបាទក្រហមផងដែរ កំពុងធ្វើការងារមនុស្សធម៌ ដែលមានសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលត្រូវជាភរិយាសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ទន្ទឹមគ្នានេះ លោកក៏បានស្នើឲ្យភាគីកាតា ពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀង (Mou) ជាមួយកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យមនុស្សធម៌ ព្រោះនៅកម្ពុជាពេលដែលមានគ្រោះអគ្គិភ័យ ឬគ្រោះទឹកជំនន់ ថ្នាក់ដឹកនាំកម្ពុជា តែងតែចុះជួប និងចែកជាអំណោយនានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលរងគ្រោះ។

ជាការឆ្លើយតប លោកប្រធានអឌ្ឍចន្ទក្រហមកាតា បានបង្ហាញអាម្មរណ៍សប្បាយរីករាយ និងកោតសរសើរ ជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ លោក អូស្មាន ហាស្សាន់ អំពីស្ថានភាពសហគមន៍ឥស្លាមកម្ពុជា ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ លោកបន្ដថា អឌ្ឍចន្ទក្រហមកាតា នឹងផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា តាមការស្នើសុំហើយក៏នឹងអាចមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នាពេលខាងមុខផងដែរ។

លោកក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅពេលទទួលដំណឹងថា នៅកម្ពុជាមានកាកបាតក្រហម  ដែលមានភរិយា សម្តេចតេជា ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី ជាប្រធាន ហើយបានធ្វើឲ្យលោកកាន់តែមានទំនុកចិត្តជាខ្លាំង ក្នុងបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមជម្រាបថា អឌ្ឍចន្ទក្រហមកាតា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៨ ជាអង្គការសប្បុរសធម៌ស្ម័គ្រចិត្តដំបូងគេរបស់ប្រទេសកាតា ដែលធ្វើការ ដើម្បីជួយ និងផ្តល់សិទ្ធិអំណាចដល់បុគ្គល និងសហគមន៍ ដែលងាយរងគ្រោះ ដោយមិនលម្អៀង ឬរើសអើងនោះទេ៕