(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន។

គណបក្សនយោបាយនេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ។

គណបក្សយុវជនកម្ពុជា បានចាត់ទុកថា សកម្មភាពរបស់គណបក្សនយោបាយមួយនោះ បានធ្វើ សកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ និងរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អង្គបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ទាំងឡាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ។

គណបក្សយុវជនកម្ពុជា មានការសោកស្តាយចំពោះសកម្មភាពគំរាមកំហែងរបស់គណបក្សនយោបាយ មួយនោះ (គណបក្សភ្លើងទៀន)ដែលបានធ្វើសកម្មភាពគំរាមកំហែងដល់អង្គបោះឆ្នោត ក្នុងន័យនេះ សូមគណបក្ស នយោបាយទាំងអស់ គោរពច្បាប់ជាតិ គោរពសិទ្ធិអង្គបោះឆ្នោត និងលុបបំបាត់ការធ្វើសកម្មភាពគំរាមកំហែងនានាដល់ អង្គបោះឆ្នោត ដើម្បីលើកកម្ពស់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ព្រមទាំងគោរពសិទ្ធិមនុស្សផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖