(កំពង់ចាម)៖ អាជ្ញាធរ និងក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច់ ស្រុកស្រីសន្ធរ ដែលមានលោកឧកញ៉ា ឡូវ ហ៉ឹង ជាប្រធាន បានជួយដោះស្រាយបញ្ចប់ករណីលួចទន្ទ្រានដីបឹង ១កន្លែង ស្ថិតក្នុងភូមិបឹងទីង ឃុំទង់ត្រឡាច់ ដើម្បីទុកជាសម្បត្តិសាធារណៈ ហើយប្រជាពលរដ្ឋទូទៅបានប្រើប្រាស់ និងមិនឲ្យបុគ្គលម្នាក់ ធ្វើការបិទផ្លូវដល់ពលរដ្ឋដែលមានស្រែចម្ការជិតនោះ ។

ក្នុងពេលចុះអន្តរាគមន៍ដោះស្រាយបញ្ហានេះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរឃុំទង់ត្រឡាច់ បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋថាមានការលួចទន្ទ្រាន ក៏ដូចជាមានការតវ៉ាពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ទើបអាជ្ញាធរ និងក្រុមការងារចុះមូលដ្ឋាន បានជួយដោះស្រាយបញ្ចប់ និងមានការព្រមព្រៀង និងអបអរសាទរពីប្រជាពលរដ្ឋ ។

ក្នុងពេលចូលរួមដោះស្រាយបញ្ហានេះ លោកឧកញ៉ា ឡូវ ហ៉ឹង មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវមានការលួចកាន់កាប់ដោយខុសច្បាប់ នូវដីសាធារណៈរបស់រដ្ឋ ឬរំលោភបំពានដីធ្លីរបស់អ្នកដទៃ ត្រូវរស់នៅជាប្រជាពលរដ្ឋល្អ ។

លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ត្រូវនាំគ្នាចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ មានដូចជា បឹងបួរ ទន្លេ ស្ទឹង តំបន់ព្រៃការពារ ឬព្រៃអភិរក្សជាដើម រួមទាំងមិនត្រូវបំផ្លាញនូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល អាជ្ញាធរ ឬក្រុមការងារចុះជួយមូលដ្ឋាន បានអភិវឌ្ឍន៍សម្រាប់ជាផលប្រយោជន៍រួម ជាក់ស្ដែងដូចបឹងនេះជាដើម ត្រូវរួមគ្នាបន្តថែរក្សា ទុកប្រើប្រាស់ជាសម្បត្តិរួម មិនត្រូវបន្តលួចទន្ទ្រានទៀតនោះទេ ។

ជាមួយនេះ លោកឧកញ៉ា ឡូវ ហ៉ឹង ក៏បានជំរុញផងដែរ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជួយដោះស្រាយទុក្ខលំបាក កង្វល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្ដែង ឬចំពោះបញ្ហាដែលខ្លួនមិនមានលទ្ធភាពដោះ ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ ដាក់ជូនថ្នាក់ដឹកនាំ ដើម្បីជួយអន្តរាគមន៍ ។

ក្នុងឱកាសនោះ លោកឧកញ៉ា និងក្រុមការងារ ក៏បានជួយដោះស្រាយមួយចំនួនជូនប្រជាពលរដ្ឋផងដែរ ដែលក្នុងនោះមានការផ្ដល់ថវិកាគាំទ្រពលរដ្ឋមានជំងឺប្រចាំការ ពលរដ្ឋទទួលមរណភាព ព្រះសង្ឃអាពាធ (ឈឺ) និងផ្ដល់ថវិកាមួយចំនួន បន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានឃុំទងត្រឡាចផងដែរ ៕