(បាងកក)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ចជាមួយលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូត នៃប្រទេសអ៉ីស្រាអែល ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នាស្ថានទូតអ៊ីស្រាអែលនៅក្នុងទីក្រុងបាងកក។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូន លោកស្រីឯកអគ្គរដ្ឋទូតអំពីចក្ខុវិស័យ ក៏ដូចជាបេសកម្មរបស់សមាគមឧកញ៉ាកម្ពុជាព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមបាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងភាពជាដៃគូមួយដ៏មានសក្តានុពលក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិន មកកាន់ប្រទេសកម្ពុជា។

កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឲ្យសមាជិកសមាគមទាំងអស់ អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀត ក្នុងវិស័យសក្តានុពលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនអ៉ីស្រាអែល។

ជាមួយគ្នានេះ លោកស្រី Orna Sagiv បានលើកឡើងថា លោកស្រីមានក្តីរីករាយក្នុងការបានជួបពិភាក្សាការងារសំខាន់ៗជាមួយគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជាដែលមានសមាជិកសុទ្ធតែជាធុរជន និងពាណិជ្ជករដែលកំពុងកាន់កាប់អាជីវកម្មគ្រប់វិស័យនៅកម្ពុជា ខណៈដែលប្រទេសអ៉ីស្រាអែល និងកម្ពុជាក៏មានចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទៅលើវិស័យជាអាទិភាពជាច្រើនដូចជា កសិកម្ម បច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានជាដើម។

លោកស្រីបានសង្កត់ធ្ងន់ថា លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងបង្កើនទំនាក់ទំនងធុរកិច្ចរវាងវិនិយោគិនអ៉ីស្រាអែល និងពាណិជ្ជករកម្ពុជា ជាពិសេសតាមរយៈសមាគមឧកញ៉ាកម្ពុជា ព្រមទាំងរីករាយស្វាគមន៍គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសអ៉ីស្រាអែល ក្នុងពេលវេលាសមស្របនាពេលដ៏ខ្លីខាងមុខ ដើម្បីបង្កើតឱកាសការផ្សារភ្ជាប់ដៃគូវិនិយោគរវាងប្រទេសទាំងពីរ សម្រាប់ជាគុណប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក។

ជាកិច្ចបញ្ចប់ ស្ថាប័នទាំងពីរតាំងចិត្តរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀតដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឲ្យមានយន្តការទំនាក់ទំនង ដ៏មានប្រសិទ្ធភាពមួយរវាងស្ថាប័នទាំងពីរនាពេលសមស្រមណាមួយ៕