(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ បានអន្តរាគមន៍បូមទឹក និងកាយប្រឡាយ ដោយសង្គ្រោះស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ លើផ្ទៃដីជិត១ពាន់ហិកតា នៅក្នុងខេត្តចំនួន៨។ នេះបើតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ខេត្តចំនួន៨ខេត្ត ដែលត្រូវបានអន្តរាគមន៍បូមទឹក និងកាយប្រឡាយ មានដូចជា៖

* ១៖ ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ 366 ហត (ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង)
* ២៖ ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ 61 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)
* ៣៖ ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះ 138 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង)
* ៤៖ ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះ 230 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)
* ៥៖ ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះ 78 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង)
* ៦៖ ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះ 30 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង)
* ៧៖ ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះ 15 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)
* ៨៖ ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះ 20 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង)។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះដែរ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ រួមជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក៏បានអញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក នៅស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ ប្រមាណ១២០០ហិកតា ផងដែរ៕