(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅទីស្នាក់ការគណបក្សស្រុកកោះធំ និងស្រុកស្អាង។

ថ្លែងក្នុងឱកាសនោះ លោកគង់ សោភ័ណ្ឌ បានលើកឡើងថា ការបោះឆ្នោតនេះមានសារៈសំខាន់សូមឲ្យអង្គបោះឆ្នោតទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យមានកំហុស។ ជាក់ស្ដែងសមាជិកក្រុមប្រឹក្សាឃុំមួយចំនួន មានការធ្វេសប្រហែសភ្លេចឯកសារអត្តសញ្ញាណប័ណ្ណ ក្នុងពេលធ្វើការបោះឆ្នោតសាកល្បង ប៉ុន្តែប្រសិនបើបោះឆ្នោតជាក់ស្ដែង នឹងធ្វើឲ្យខាតបង់ពេលវេលា។

លោកបានជំរុញឲ្យប្រធានគណបក្សស្រុក ត្រូវតែត្រួតពិនិត្យ ពិសេសនោះគឺនៅថ្ងៃទី២៤ មុនមួយថ្ងៃឲ្យបានច្បាស់លាស់ថា តើក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោត មានឯកសារគ្រប់គ្រាន់ហើយឬនៅ? ប្រសិនបើមានការខ្វះចន្លោះ នឹងចាត់វិធានការដោះស្រាយជាបន្ទាន់។

លោកបានលើកឡើងថា យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត មានគណបក្សនយោបាយមួយ ដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានធ្វើការគម្រាមកំហែងដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនឲ្យបោះឆ្នោតឲ្យគណបក្សនេះ គណបក្សនោះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសម្រេច នៃអង្គបោះឆ្នោត។ ដោយឡែកលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានលើកឡើងថា បើនរណាមិនព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនតម្រូវនោះទេអ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ នឹងត្រូវបណ្ដេញចេញពីសមាជិកបក្ស និងលុបឈ្មោះចេញពីបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ ហើយក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះការគំរាមកំហែង បង្ខិតបង្ខំដល់អ្នកបោះឆ្នោត និងជំរុញឲ្យគណបក្សដែលបានចុះបញ្ជីស្របច្បាប់ត្រូវតែគោរពនីតិវិធី និងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ។

លោក គង់ សោភ័ណ្ឌ សំណូមពរឲ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន ឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឲ្យបានល្អ ដើម្បីរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ៕