(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានឲ្យដឹងថា ការបើកការដ្ឋាន គឺឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាពិតជាមានសុខសន្តិភាពពេញលេញ ទើបផ្តល់ឱកាសឲ្យអ្នកវិនិយោគចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើការបោះទុនមកកាន់កោះរ៉ុងសន្លឹម ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញច្បាស់ពីការជឿជាក់របស់អ្នកវិនិយោគគិន បានសម្រេចចិត្តបើកការដ្ឋាននៅពេលនេះ គឺដោយសារសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបានបន្តថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្ត ជាពិសេសក្រុងកោះរ៉ុងឲ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាច្រើនផងដែរ ពិសេសអ្នករស់នៅក្រុងកោះរ៉ុង។ មួយវិញទៀត ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ការកសាងមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។

លោកអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់ការវិនិយោគ ឲ្យទៅក្រុមហ៊ុនអេម៉ារីយូធ្វើការវិនិយោគ ហើយនៅអំឡុងចុងឆ្នាំ២០២១ ក្រុមហ៊ុន U Property Management CO., LTD បានសហការជាមួយក្រុមហ៊ុន អេម៉ារីយូ ចាប់ដៃគ្នាធ្វើការអភិវឌ្ឍបន្តដំណើរឆ្ពោះទៅមុខ ដើម្បីអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាដែលមាននៅសេសសល់នៅលើកោះរ៉ុង ការអភិវឌ្ឍនៅលើកោះរ៉ុង។

ការតាំងទីលំនៅ ការអភិវឌ្ឍ ការវិនិយោគដាច់ដោយដុំវាជារឿងសុទ្ធតែមិនស្របច្បាប់ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល បានផ្តល់សិទ្ធកាន់កាប់ជូនពលរដ្ឋរស់នៅដោយស្របច្បាប់ ដែលជាបទពិសោធន៍នៃការដោះស្រាយបញ្ហាប្រឈមនានា។ ពីមុននៅទីនេះគ្មានផ្លូវថ្នល់ គ្មានការអភិវឌ្ឍនោះទេ ពេលនេះក្រុមហ៊ុនបានធ្វើការឈូសឆាយពង្រីកផ្លូវបានធំទូលាយ

លោកបានចូលរួមអបអរសាទរ ដែលក្រុមហ៊ុនសម្រេចបើកការដ្ឋានអភិវឌ្ឍន៍ជាក់ស្តែងនៅចំណតទូក និងសាងសង់ផ្លូវបេតុង ក្រុមហ៊ុនទាំងពីរចាប់ផ្តើមក៏សាងសមិទ្ធផល ដែលមានបណ្តាញផ្លូវបណ្តោះអាសន្នប្រទាក់ក្រឡាគ្នារួចហើយ ការបើកការដ្ឋានសាងសង់ផែសម្រាប់ការដឹកជញ្ជូនមានភាពងាយស្រួល ដើម្បីសម្រួលដល់ការអភិវឌ្ឍនៅពេលខាងមុខ។

ស្ថានភាពចំពោះមុខក្រុមហ៊ុនកសាងផែ រួចបន្តកសាងផ្លូវបេតុងជាង៦០គីឡូម៉ែត្រ និងកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ហើយហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនត្រូវរៀបនោះ មានកំពង់ផែអន្តរជាតិ និងគម្រោងតបណ្តាញអគ្គិសនីពីកោះរ៉ុង មកកាន់កោះរ៉ុងសន្លឹម បម្រើឲ្យការអភិវឌ្ឍលើវិស័យទេសចរណ៍ ក៏ដូចជាការជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅលើកោះ កាន់តែមានជីវភាពល្អប្រសើឡើងនៅពេលខាងមុខ។ ទន្ទឹមនោះក៏ត្រូវគិតគូរពីបញ្ហាទឹកស្អាតសម្រាប់ពេលអនាគត បម្រើដល់អ្នកទេសចរ និងប្រជាពលរដ្ឋរស់នៅទីនេះជាចំបងផងដែរ។

លោកគូសបញ្ជាក់ថា នៅលើកោះរ៉ុងសន្លឹម មិនទាន់មានមណ្ឌលសុខភាព និងសាលារៀន ហើយលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD ក៏បានយល់ព្រមជួយសាងសង់មណ្ឌលសុខភាព និងអគារសិក្សាសម្រាប់ថ្នាក់សិក្សាចំណេះទូទៅទាំងបីកម្រិតនៅទីនេះ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងបន្ទប់ទឹក និងអាហារដ្ឋាននៅក្នុងបរិវេណសាលារៀន និងកន្លែងស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ឲ្យមានសោភ័ណភាពក្នុងបរិវេណសាលា ដើម្បីឲ្យកូនចៅរបស់អ្នកកោះរ៉ុងទទួលបានសេវាសុខាភិបាល និងការអប់រំប្រកបដោយស្តង់ដារស្របតាមកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

លោក គួច ចំរើន បានថ្លែងអំណគុណប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ដែលបានសម្រេចចិត្តបោះឆ្នោតគាំទ្រអ្នកដែលធ្វើពិតប្រាកដ អ្នកដែលថែរក្សាសុខសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រាកដ។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចេះត្រចង់នាពេលកន្លងមក ឈានទៅការរៀបចំរាជរដ្ឋាភិបាល មានភាពស្វាហាប់ ម៉ឺងម៉ាត់ក្នុងគោលដៅថែរក្សាសុខសន្តិភាព រក្សាស្ថេរភាពនយោបាយ ផ្តល់ឱកាសឲ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តបន្ទាប់។

ជាក់ស្តែងការបើកការដ្ឋានថ្ងៃនេះ ជាផ្នែកមួយនៃផ្លែផ្កាដោយកម្ពុជារបស់យើងមានសុខសន្តិភាព បានផ្តល់ឱកាសឲ្យអ្នកវិនិយោគមើលឃើញពីសមិទ្ធផល នៃសុខសន្តិភាពបានសម្រេចចិត្ត ធ្វើការបោះទុនវិនិយោគនៅលើកោះរ៉ុងសន្លឹម ដែលជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីសុខសន្តិភាព នៃការអភិវឌ្ឍរបស់កម្ពុជា ពិសេសការវិនិយោគ ការអភិវឌ្ឍនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕