(កណ្តាល)៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមានការចូលរួមពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានចុះធ្វើបច្ចុប្បន្នភាពតាមទីតាំងបើកឆ្នោតផ្សងសំណាងគ្រប់ប្រភេទ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល។
លោកបានអះអាងថា ការងារនេះធ្វើឡើងដោយយោងតាមអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លេីទីតាំងល្បែងផ្សងសំណាងក្នុងករណីបន្តបេីកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងយោងតាមការបញ្ជាផ្ទាល់របស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
សម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្ដាល នឹងគោរពតាមអនុសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិត អនុវត្តបង្រ្កាបរាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ ឲ្យមានប្រសិទ្ធភាពខ្ពស់ជាទីបំផុត ហើយជនណាដែលកាងល្បែងស៉ីសងត្រូវចាប់ផ្ដន្ទាទោសស្របតាមច្បាប់ជាធរមាន ឥតមានការយោគយល់ជាដាច់ខាតដើម្បីសង្គមជាតិ និងប្រជាពលរដ្ឋ៕