(ភ្នំពេញ)៖ គណបក្សនយោបាយចំនួន១១ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយថ្កោលទោសគណបក្សភ្លើងទៀន ចំពោះទង្វើគំរាមកំហែងដល់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខនេះ។

គណបក្សនយោបាយដែលបានចេញសេចក្តីថ្លែងការណ៍នេះ រួមមាន គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សមូលីណាកា, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ និងគណបក្សខ្មែរតែមួយជាដើម។

​គណបក្សនយោបាយទាំងនេះ ចាត់ទុកថា ទង្វើគណបក្សភ្លើងទៀន ជាការគំរាមកំហែង ការរំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលផ្ទុយទៅនឹង មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ជាមួយនឹងការថ្កោលទោសនេះ គណបក្សនយោបាយទាំងនោះ ក៏ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរដ្ឋធម្មនុញកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ ដោយគណបក្សទាំងនោះបានស្នើដល់ក្រសួងមហាផ្ទៃ ឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត។

គណបក្សនយោបាយទាំងនេះ សូមប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងសូមអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាសូមប្រើសិទ្ធរបស់បងប្អូន ដើម្បីជ្រើសរើសបានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបងប្អូនពេញចិត្ត៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយនៅកម្ពុជា៖