(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ និងនីតិវិធីចុះស្រង់ទិន្នន័យនៅតាមភូមិនៅតំបន់ជនបទនៃប្រទេសកម្ពុជា។

សកម្មភាពនេះមានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ សរុបចំនួន១០៨រូប។ ដោយឡែកប្រធាន អនុប្រធានមន្ទីរ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ បានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

លោក ឆាយ ឫទ្ធិសែន បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយមហិច្ឆតា ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ដ្រីបានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ជាអាទិ៍ (១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២)ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣)ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤)ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

យោងតាមការធ្វើបទបង្ហាញរបស់លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូបានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ តាមលក្ខណៈវិនិច្ឆ័យធំៗចំនួន៥ចំណុច រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គមកិច្ច (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង(៥)អភិបាលកិច្ចល្អ ដែលនៅក្នុងចំណុចចម្បងនីមួយៗ មានលក្ខណៈវិនិច្ឆ័យលម្អិតបន្ថែមយ៉ាងច្បាស់លាស់។

ដើម្បីឱ្យការងារនេះអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖

១. ត្រូវយកភូមិគំរូចំនួន៣០នៅក្នុងខេត្តចំនួន៣ ដែលបានអនុវត្តកន្លងមក និងសមិទ្ធផលដែលមានស្រាប់ វាយតម្លៃតាមទម្រង់លក្ខណៈវិនិច្ឆ័យដែលបានរៀបចំ។

២. មន្ដ្រីនាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង២៥ត្រូវសហការគ្នាឱ្យបានល្អ និងចូលរួមអនុវត្តសាកល្បងការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

៣. រៀបចំរបាយការណ៍បូកសរុបរួមស្ដីពីលទ្ធផលវាយតម្លៃភូមិគំរូ និងប្រជុំពិភាក្សាដកពិសោធន៍និងកែលម្អលក្ខណៈវិនិច្ឆ័យ ដើម្បីឈានទៅធ្វើការវាយតម្លៃកម្រិតអភិវឌ្ឍន៍គ្រប់ភូមិនៅទូទាំងប្រទេស។

៤. ត្រូវជ្រើសរើសភូមិដែលមានអំណោយផល និងមានសក្ដានុពលលើវិស័យសំខាន់ៗ ដូចជា វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្ម ដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ៕