(ភ្នំពេញ)៖ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ៤គណបក្ស បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥នៅតាមមណ្ឌលភូមិភាគទាំង ៨ គឺពុំមានសកម្មភាពហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែសកម្មភាពឃោសនាផ្សេងៗទៀតត្រូវបានធ្វើឡើងជាធម្មតាដោយក្នុងនោះ៖

-គណបក្សកម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោត និងចាក់មេក្រូផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង នៃភូមិភាគទី៧។
- គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយនៅខេត្តព្រៃវែង នៃភូមិភាគទី៦។
- គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត នៃភូមិភាគទី៥។
- គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនានៅគ្រប់ភូមិភាគ តាមរយៈការជួបប្រជុំ ចែកខិត្តបណ្ណ ចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល មានអ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សរុបចំនួន ១១,៧៤៧ នាក់ ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕