(ភ្នំពេញ)៖ ការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំ តាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំងនៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើម នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បញ្ជាក់ថាដោយអនុវត្តន៍តាមអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញរៀបចំនៅតម្រាយខ្សែរត់ ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរ អាចទទួលបាននៅសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញនេះធ្វើដំណើរបាន ហើយក្នុងនោះដែរ អាជ្ញាធរបានប្រើប្រាស់តម្រាយផ្លូវចំនួន២ខ្សែសំខាន់ៗ។

ខ្សែទី១ តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្សរហូតឈានទៅចំណតចុងក្រោយម្តុំសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ។ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េតរហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រនិងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោរឈានទៅកាន់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ ចាប់ផ្តើមម៉ោង៥កន្លះព្រឹក ក្នុងរយៈ ១៥នាទីចេញរថយន្ត១គ្រឿង និងវេនទី២ពីថ្ងៃរសៀលរហូតដល់៨កន្លះយប់។

លោកបានបញ្ជាក់បន្ថែមថា តម្រាយផ្លូវ២ខ្សែខាងលើនេះ គឺអាចសម្រួលច្រើនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាពិសេសសិស្សនិស្សិត ដែលសិក្សានៅក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងអាចប្រើរថយន្តក្រុងសាធារណៈ។

ជាមួយនោះដែរ លោកសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានសម្តែងនៅក្តីរីករាយសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសបើកតម្រាយផ្លូវរថយន្តក្រុង សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវដែលមានសាស្ត្រចារ្យ សិស្សនិស្សិត មករៀនមានសេវាពេញលេញ និងអរគុណដល់សម្តេចធិបតី ដែលបានយកទុកដាក់ដល់យុវជន និស្សិត សាស្ត្រចារ្យលោកគ្រូ អ្នកគ្រូបុគ្គលិក ក៏ដូចប្រជាពលរដ្ឋអាចធ្វើដំណើរតាមតម្រាយផ្លូវទាំងនេះបាន៕