(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ ចុះកិច្ចពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ឧកញ៉ា ប៉ាង ណាំ នាយកក្រុមហ៊ុនកាំត្រង់ស៊ីប (KTS) ដែលជាក្រុមហ៊ុនទទួលបានការអនុញ្ញាត ពីក្រសួងលើការសហការក្នុងកិច្ចដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់។

ការចុះពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបរយានយន្តធុនធ្ងន់ នាឱកាសនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យលើសកម្មភាព និងកម្មវិធីបណ្តុះបណ្តាលជូនដល់អ្នកបើកបរ និងសាធារណជន ក៏ដូចជាស្វែងយល់បន្ថែមអំពីរចនាសម្ព័ន្ធ និងរំហូរការងារប្រចាំថ្ងៃក្នុងមជ្ឈមណ្ឌល ព្រមទាំងអញ្ជើញជួបសំណេះសំណាល និងបង្ហាញការយកចិត្តទុកដាក់ខ្ពស់រវាងថ្នាក់ដឹកនាំ ជាមួយមន្រ្តីរាជការ និងបុគ្គលិកដែលកំពុងបម្រើការនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផងដែរ។

នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលមានទំហំជាង ២ហិកតានេះ មានផ្តល់ជូននូវកម្មវិធីសិក្សាទាំងផ្នែកទ្រឹស្តី និងផ្នែកអនុវត្តការបើកបរនៅលើទីលានធំទូលាយ ទៅតាមប្រភេទយានយន្តដែលរួមមាន៖ (១)រថយន្តប្រភេទ-គ (២)រថយន្តប្រភេទ-ឃ១ (៣)រថយន្តប្រភេទ-ឃ២ និង (៤)រថយន្តប្រភេទ-ង។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងដៃចង្កូត សិក្ខាកាមក៏អាចដាក់ពាក្យប្រឡងយកបណ្ណបើកបរ នៅទីនេះផ្ទាល់បាន។

គួររម្លឹកដែរថា៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការ និងផ្តល់ការអនុញ្ញាតជូន ក្រុមហ៊ុនកាំត្រង់ស៊ីប(KTS) តាមរយៈការចុះកិច្ចសន្យាលេខ ៦០០៧ សក.ដជគ ស្តីពី ការសហការក្នុងកិច្ចដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់។ ក្រុមហ៊ុនកាំត្រង់ស៊ីប (KTS) ក៏បានចាប់ផ្តើមការសាងសង់ និងបើកដំណើរការសាកល្បង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ និងប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១៕