(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី៖ «ការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល» នាថ្ងៃទី២០ ខែកុម្ភៈ នាពេលខាងមុខនេះ នៅទីតាំងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ល្ងាច ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន២៥ ជាមួយនឹងឱកាសការងារចំនួន ៣២៩៦ កន្លែងចូលរួមផងដែរ។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាស និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា វេទិកាការងារ និងសិក្ខាសាលានៅសាកលវិទ្យាល័យនេះ គឺជាកម្មវិធីមួយដ៏មានសារៈសំខាន់ណាស់ សម្រាប់សិស្សនិស្សិត ព្រោះនឹងមានការចូលរួមពីក្រុមហ៊ុនទៅដល់កន្លែងគាត់សិក្សាផ្ទាល់តែម្តង។

លោកស្រីបន្តថា ពួកគាត់នឹងមានឱកាសជួបជាមួយតំណាងក្រុមហ៊ុនជាច្រើន ដែលនឹងទៅផ្តល់ឱកាសការងារដល់កន្លែងដែលពួកគាត់កំពុងតែសិក្សាតែម្តង។ ប្រធានផ្នែកសម្ភាសរូបនេះ ជំរុញឱ្យ NEA រៀបចំកម្មវិធីដ៏ល្អនេះ នៅតាមសាកលវិទ្យាល័យនៅទូទាំងប្រទេសបន្ថែមទៀត ដើម្បីនាំយកឱកាសការងារដ៏សំបូរបែប ជូនដល់សិស្សនិស្សិតដែលកំពុងសិក្សា ហើយពុំមានពេលវេលាក្នុងការស្វែងរកការងារធ្វើ។

លោក ហាក់ ឈុនលី ប្រធានផ្នែកប្រឹក្សាអាជីព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា លើកឡើងថា វេទិកាការងាររបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា ដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសការងារដល់សិស្ស-និស្សិត និងសាធារណជនទូទៅ ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើន ដើម្បីស្វែងយល់អំពីគោលដៅអនាគត និងអាជីពការងារដែលស័ក្តិសមនឹងចំណងចំណូលចិត្តរបស់ខ្លួន។

យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២៥។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនដាក់ពាក្យស្វែងរកការងារផងដែរ។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕