(ឧត្តរមានជ័យ)៖ លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីសាស្ត្រាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាក្រសួងសុខាភិបាល អមដំណើរដោយលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យការផ្តល់សេវាសុខភាព តាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួននៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ដោយទទួលបានការណែនាំ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួង បានចុះពិនិត្យតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ទៀតថា ការអញ្ជើញចុះពិនិត្យដោយផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅក្នុងខេត្តឧត្តរមានជ័យ គឺក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាព នៅក្នុងខេត្ត ឱ្យស្របតាមយុទ្ធសាស្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្ដោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចម្បង។

លោក ឃ្លោក ហួត បានថ្លែងទៀតថា ការចុះពង្រឹងគុណភាពសេវាតាមមណ្ឌលសុខភាពនាពេលនេះ គឺផ្ដោតសំខាន់ទៅលើ ការពង្រឹងរៀបចំឱ្យល្អប្រសើរហេដ្ឋារចនាសម្ព័ន្ធបរិស្ថានជុំវិញមណ្ឌលសុខភាព, ក្រមសីលធម៌វិជ្ជាជីវៈ និងការបម្រើសេវាដោយការទទួលខុសត្រូវ​, ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារ និងឱសថ​, ការពង្រឹងវិន័យការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ និងការគ្រប់គ្រងធនធានមនុស្ស និងការបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះផងដែរ លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង និងក្រុមកាងារ ក៏បានជួបសំណេះសំណាល សួរសុខទុក និងជូនពរដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារ ដែលបានមកទទួលសេវានៅក្នុងមណ្ឌលសុខភាព​។ លោកស្រីក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ទូទាំងខេត្តឧត្តរមានជ័យ ដែលបានខិតខំផ្តល់សេវាសុខាភិបាល និងការថែទាំ​ ហើយព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវ។

បើតាមលោកវេជ្ជបណ្ឌិត ឃ្លោក ហួត នៅទូទាំងខេត្តឧត្តរមានជ័យ មានមន្ទីរពេទ្យបង្អែកចំនួន២ គឺមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង មានមណ្ឌលសុខភាពចំនួន៣៩ មានប៉ុស្តិ៍សុខភាពចំនួន១ និងមានការិយាល័យស្រុកប្រតិបត្តិចំនួន ២ផងដែរ៕