(ភ្នំពេញ)៖ រយៈពេល១ខែកន្លះ ក្នុងឆ្នាំថ្មីនេះ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចទូទាំងប្រទេស បានចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់១០០ទីតាំង នៅក្នុង១៨រាជធានី/ខេត្ត ហើយបានកសាងសំណុំរឿងបញ្ជូនអ្នកពាក់ព័ន្ធទៅតុលាការ១៤៦នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដល់បណ្តាញព័ត៌មាន Fresh News។

ក្នុងចំណោមទីតាំងទាំង១០០ ដែលសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងបង្ក្រាបនោះ មាន៤៩ទីតាំង ក្នុង១៥រាជធានីខេត្ត ត្រូវបានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តវិធានការរដ្ឋបាលចំនួន ៥១ទីតាំង ដោយធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។

សម្រាប់ពេញ១ថ្ងៃ នាថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញវិញ សមត្ថកិច្ចក៏បានចុះត្រួតពិនិត្យគោលដៅដែលមានការសង្ស័យចំនួន២ទីតាំងផងដែរ ក្នុងនោះ មានការអនុវត្តវិធានការច្បាប់ចំនួន១ទីតាំង ដែលជាប្រភេទ Game Online និងអនុវត្តវិធានការដ្ឋបាល១ទីតាំង៕