(តាកែវ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោករដ្ឋលេខាធិការប្រចាំការ រួមជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងបងប្អូនប្រជាកសិក រដែលកំពុងប្រឈមខ្វះទឹក នៅស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការកាយប្រឡាយបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោងដែលមានប្រវែងសរុបប្រមាណ ៥គីឡូម៉ែត្រ និងបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ ដែលធ្វើស្រែប្រាំងក្នុងតំបន់ខាងលើ។

សូមជម្រាបថា ផ្ទៃដីស្រូវប្រាំងបងប្អូនប្រជាកសិករប្រមាណ ១២០០ ហិកតា ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស និងក្នុងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានជួបបញ្ហាប្រឈមខ្វះទឹកស្រោចស្រព។

ជាកិច្ចអន្តរាគមន៍ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងឃុំ បានសម្រេចកាយផ្លូវវាងក្រោមស្ពានចេញ (ដោយស្ពានបានសាងសង់រួចហើយ) នៅចំណុចស្ពានទំនប់ដាច់កោះភ្នៅ ស្ថិតក្នុងភូមិធ្លក់យល់ ឃុំពន្លៃ ស្រុកអង្គរបុរី កាយប្រឡាយ៨៧ ចម្ងាយ ២គីឡូម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រចំនួន ២គ្រឿងបំពាក់លើសាឡង់ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរី និងកាយប្រឡាយបញ្ជូនទឹកប្រវែងសរុបប្រមាណ ៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំកំពែង ឃុំពន្លៃ និងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស និងស្ថិតក្នុងឃុំទ្រា ឃុំជើងគួន និងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយប្រើអេស្កាវ៉ាទ័រចំនួន ៤គ្រឿង។

លោករដ្ឋមន្ត្រី ឱ្យដឹងថា គិតត្រឹមថ្ងៃនេះវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន ៣៥០០ម៉ែត្រ និងការកាយប្រឡាយ៨៧ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរីសម្រេចបាន១០០%។ ជាលទ្ធផល ក្រុមការងារអន្តរាគមន៍បានជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងស្រុកព្រៃកប្បាសប្រមាណ ៥៨០ហិកតា និងស្រុកសំរោងប្រមាណ ៦២០ ហិកតា។

ក្នុងឱកាសនោះដែរ តំណាងបងប្អូនប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោង ខេត្តតាកែវបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងរកគ្រប់មធ្យោបាយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលប្រឈមការខ្វះទឹកស្រោចស្រព។ ជាមួយគ្នានេះ ក៏ថ្លែងអំណរគុណលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់បញ្ជូនគ្រឿងចក្រចុះកាយប្រឡាយ និងស្តារផ្លូវទឹករហូតទទួលបានជោគជ័យ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវពន្លឿនការជីកប្រឡាយបញ្ជូនទឹកឱ្យដល់គោលដៅ ដោយសហការជាមួយអាជ្ញាធរដែនដីក្នុងការអន្តរាគមន៍បញ្ជូនទឹក បម្រើដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹក និងបានស្នើឱ្យលោកប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមសិក្សា ដើម្បីកាយមុខប្រឡាយឱ្យបានធំ៕