(កំពង់ឆ្នាំង)៖ ឧកញ៉ា ប៉ិច បូឡែន តាមរយៈមូលនិធិសប្បុរសធម៌វេសឡាញ អេឌ្យូខេសិន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំពិធីប្រគល់សម្ភារសិក្សា និងថវិកាឧបត្ថម្ភដល់សាលាបឋមសិក្សាច្រកត្នោត ដែលស្ថិតក្នុង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ចែករំលែកក្តីស្រលាញ់ និងជួយលើកទឹកដល់កុមារកំពុងខ្វះខាតក្នុងការសិក្សា ព្រមទាំងគាំទ្រការកែលម្អបរិស្ថានសាលាឱ្យបានកាន់តែប្រសើឡើងផងដែរ។ សិស្សានុសិស្ស និងសាលារៀនទទួលបានដូចជា សម្ភារសិក្សាសម្រាប់សិស្ស ៤០០កញ្ចប់ សៀវភៅសម្រាប់អានក្នុងបណ្ណាល័យ ថវិកាសម្រាប់ចាក់ដីចំនួន ១៥០ឡាន និងថវិកាឧបត្ថម្ភដល់គ្រូបង្រៀនចំនួន ៨នាក់។

ក្នុងឱកាសនោះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន បានរំលឹកអំពីការសិក្សាកាលពីកុមារភាព ហើយថា ការចែកជូននូវសម្ភារសិក្សាដល់សិស្សានុសិស្សនេះ គឺជាការចែករំលែកជួយទៅដល់សហគមន៍។ ជាមួយគ្នានេះ លោកឧកញ៉ាក៏បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាលទាំងអស់ សូមចូលរួមគាំទ្រដល់កូនៗក្នុងការរៀនសូត្រ ទោះជាលំបាកបែបណាក៏ដោយ ក៏គួរតែជំរុញពួកគេឱ្យរៀនរហូតដល់ចប់គ្រប់គ្នា ដោយយ៉ាងហោចណាស់ក៏ត្រឹមថ្នាក់ទី៩ ដោយកម្រិតនេះពួកគេអាចបន្តរៀនទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន សម្រាប់អនាគតរបស់ពួកគេ។

ជាមួយគ្នានោះដែរ ក្នុងនាមជាអ្នកធ្វើការងារក្នុងវិស័យអប់រំ ឧកញ៉ា ប៉ិច បូឡែន ក៏បានផ្តាំផ្ញើទៅដល់លោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស ដោយថា លោកគ្រូអ្នកគ្រូដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយមិនត្រឹមតែអភិវឌ្ឍចំណេះជំនាញនោះទេ ប៉ុន្តែទៅលើការថែបំប៉នសុខភាពគាត់ ចរិយាសម្បទាររបស់ពួកគាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ឧកញ៉ា ប៉ិច បូឡែន តាមរយៈ មូលនិធិសប្បុរសធម៌វេសឡាញ អេឌ្យូខេសិន តែងតែចូលរួមចំណែកជួយដល់សហគមន៍ ដោយមានការចូលរួមគាំទ្រ និងការបរិច្ចាគធនធានពីថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស និងក្រុមហ៊ុនដៃគូសហការនៃបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ៕