(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងជួយដល់ក្រសួង-ស្ថាប័ន ក្នុងការចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក អំពីបច្ចេកវិទ្យាឌីជីថល។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ ពុទ្ធិវុធ ជាប្រធានគណៈកម្មការ រៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល អញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក សុខ ពុទ្ធិវុធ បានបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅក្នុងការរៀបចំវេទិកានេះ គឺដើម្បីធ្វើវឌ្ឍនភាព ហើយអ្វីដែលសង្ឃឹមនៅក្នុងវេទិកានេះ គឺអាចចែករំលែកបទពិសោធន៍ ទៅវិញទៅមក រវាងក្រសួង-ស្ថាប័ន [...] ការជួបគ្នានេះ មានសារសំខាន់ ក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក»

លោក សុខ ពុទ្ធិវុធ ​បានលើកឡើងថា វេទិកានេះ មានគោលបំណងស្វែងរកបច្ចេកវិទ្យា ដែលកំពុងលេចធ្លោ លើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្តាញទំនាក់ទំនង រវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងកៀរគរភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

បន្ថែមពីនោះទៀត លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា បច្ចុប្បន្ន តាមរយៈគណៈកម្មាធិការដ្ឋាភិបាលឌីជីថល កំពុងតែជំរុញក្រសួង-ស្ថាប័ននីមួយៗ ឲ្យមានក្រុមបដិវត្ដកម្មឌីជីថល ដើម្បីជួយពន្លឿនអភិវឌ្ឍន៍ គោលនយោបាយរដ្ឋាភិបាលឌីជីថល ឲ្យបានលឿនហើយមានប្រសិទ្ធភាពផងដែរ។

សូមជម្រាបថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» និង «ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត។

វេទិការដ្ឋាភិបាលឌីជីថល ដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល នៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ដោយឡែក ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក៏ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីសមិទ្ធផល នៃការកសាងរដ្ឋាភិបាលឌីជីថល៖

* ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា
* ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល សេវាកម្មទូរសព្ទ និងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច (Fintech) និងសេវាធុរកិច្ចថ្មីឌីជីថល (Digital Startups) ជាដើម៕