(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់១៤នាក់ (ស្រី៦នាក់) រងរបួសធ្ងន់៥នាក់ និងរងរបួសស្រាលម្នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង និងយានផ្សេងៗចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក (ស្លាប់៥នាក់) និងប្រជែងគ្រោះថ្នាក់១លើក (ស្លាប់៩នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់២នាក់)។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៦១២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៦៥៧គ្រឿង និងពិន័យសរុបចំនួន១៩៥៥គ្រឿង៕