(បន្ទាយមានជ័យ)៖ កាលវេលាម៉ោង ២៣៖៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

ជនសង្ស័យទាំង៨នាក់ រួមមាន៖

*ទី១៖ ឈ្មោះ គង់ វាសនា អាយុ១៩ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
*ទី២៖ ឈ្មោះ ភ្លឺ វីរ៉ា ហៅ បូរ៉ា អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
*ទី៣៖ ឈ្មោះ ផល សុផាត អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
*ទី៤៖ ឈ្មោះ សុវណ្ណ ធៀន អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
*ទី៥៖ ឈ្មោះ វុធ រ៉ាវី អាយុ១៥ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
*ទី៦៖ ឈ្មោះ ណែត ប៊ុនណាត់ ហៅ ដំ អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
*ទី៧៖ ឈ្មោះ រីម ដារ៉ូ អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
*ទី៨៖ ឈ្មោះ គាំ ដុល្លា ហៅ អាឡា អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូនអាហារ បច្ចុប្បន្ននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៨នាក់ ត្រូវបានឃាត់នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យទាំងនេះ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង រហូតដល់វេលាម៉ោង ២៣៖៣០នាទី កម្លាំងបានចុះល្បាតដល់ចំណុចខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន៨នាក់ កំពុងប្រមូលផ្តុំគ្នាផឹកស៊ីនៅលើដងផ្លូវ មុខបន្ទប់ជួលដែលនាំឱ្យបង្កអសន្តិសុខនៅតាមដងផ្លូវ។

ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក៏បានឃាត់សួរនាំ ហើយបានធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(+) ទាំង០៨នាក់។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង៨នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចំឡើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕