(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានផ្ដល់ជូនស្ពានស្ទឹងជ្រៅពិតប្រាកដមែន ក្រោយការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋសង្កាត់ដើមមាន ក្រុងតាខ្មៅ នាពេលកន្លងទៅ។

ឆ្លើយតបនឹងសំណើរនេះ លោកអភិបាលខេត្ត បានបើកការដ្ឋានស្ថាបនាយ៉ាងពិតប្រាកដជូនពលរដ្ឋ ខណៈដែលពិធីបើកបានធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមានវត្តមានលោក ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រងការស្ថាបនាស្ពាននេះ។

ស្ថិតក្នុងឱកាសបើកការដ្ឋានចំពោះមុខពលរដ្ឋជាង៥០០នាក់ លោកម៉ឹង យូឡេង បានលើកឡើងថា ស្ពានស្ទឹងជ្រៅកាលមុន ជាស្ពានដែកបេឡេត៍មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ដើមមាន ក្រុងតាខ្មៅ ដែលមានសភាពទ្រុឌទ្រោមខ្លាំង បង្កឲ្យមានការលំបាកដល់ការធ្វើដំណើរ និងបញ្ហាកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ហើយស្ពានចាស់នេះ ត្រូវបានរុះរើចោល។

លោកថា ដោយសារស្ពានត្រូវបានរុះរើចោល មន្ទីរក៏បានស្នើគម្រោងទៅកាន់ប្រជាពលរដ្ឋស្នើសុំ ដែលជាលទ្ធផលវិជ្ជមាន ស្ពានចាស់ត្រូវបានជំនួសមកវិញ ជាស្ពានប្រភេទបេតុងចាក់សសៃដែកយ៉ាងរឹងមាំ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ ឲ្យកាន់តែងាយស្រួល និងប្រសើរឡើងព្រមទាំងចូលរួមកែប្រែសោភ័ណភាពទីក្រុង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

លោក គង់ សោភ័ណ្ឌ បានថ្លែងពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានពន្យល់ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការ អភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមផែនការអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដ៏ឆ្នើម។

លោកអភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានខិតខំប្រឹង ប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការរដ្ឋានសាងសង់នាថ្ងៃនេះជាសក្ខីភាពស្រាប់។

លោកអភិបាល បានបន្ថែមថា មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ ជាកស្តែងការបើកការដ្ឋានសាងសង់ស្ពានស្ទឹងជ្រៅនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត របស់ក្រុងតាខ្មៅ បន្ទាប់ពីបញ្ចប់ការសាងសង់រួចហើយ ស្ពានមួយនេះនឹងជួយសម្រួលការធ្វើចរាចរណ៍ឆ្លងកាត់ បញ្ចៀសការកកស្ទះ របស់បងប្អូនប្រជាពលរដ្ឋទូទៅ សិស្សានុសិស្ស ឆ្លងទៅមកសាលារៀន ពិសេសប្រជាពលរដ្ឋសង្កាត់ព្រែកឬស្សី និងសង្កាត់ដើមមៀន។ ម្យ៉ាងទៀត រថយន្តធុនធ្ងន់ អាចដឹកផលិតផល អនុផល និងទំនិញឆ្លងកាត់បាន រហូតដល់៤០តោន និងមានអាយុកាល ប្រើប្រាស់បានរយៈពេល៥០ឆ្នាំ៕