(ភ្នំពេញ)៖ យុវជន ៥នាក់ ក្នុងចំណោមកម្មសិក្សាជាច្រើននាក់ ដែលកម្ពុជាបញ្ជូនទៅធ្វើការ នៅប្រទេសជប៉ុន បានស្នើសុំត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេមិនអាច ទ្រាំទ្រ នឹងការងារនៅប្រទេសជប៉ុនបាន។ កម្មសិក្សាទាំងនេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះនេះ។
បើតាមការប្រកាសដែលធ្វើឡើងដោយ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះ រួមមាន ទី១- លោក ឈន ហាប់ ២- លោក សែម សុគុណ ៣- លោក លាស់ ប៊ុនណារ៉ា ៤- លោក ស៊ា វីន និងទី៥- លោក ហេង សុភ័ក្រ ។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ធ្វើការសំរបសំរួលជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីរៀបចំឱ្យកម្មសិក្សាការីខ្មែរចំនួន៥នាក់នេះ បានវិលត្រឡប់មកកម្ពុជាវិញ។ បន្ទាប់ពីមានអន្តរាគមន៍របស់ស្ថានទូត ក្រុមហ៊ុនពាក់ព័ន្ធ (ក្រុមហ៊ុនបញ្ជូន និងក្រុមហ៊ុនទទួល) បានយល់ព្រមទិញសំបុត្រយន្តហោះជូនពួកគេ។
សូមបញ្ជាក់ថា កម្មសិក្សាការីទាំង៥នាក់ខាងលើ បានទៅធ្វើការនៅប្រទេសជប៉ុន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុន KOKE Human Service ផ្នែកសង់ផ្ទះឈើ នៅខេត្តAichi Saitama និង Gunma ប្រទេសជប៉ុន៕