(ភ្នំពេញ)៖ ស្របពេលកម្ពុជាជាប្រទេស ដែលមានសុខសន្តិភាព ជាពិសេសទៀតនោះ គឺមានសុខដុមរមនីយកម្ម ជាតិសាសន៍ និងសាសនា អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) គ្រោងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ ក្រោយលោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកសំណើរស្នើសុំ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ដើម្បីផ្សព្វផ្សាយអំពីសុខសន្តិភាព និងសុខដុមរមនីយកម្ម ដល់ប្រទេសបណ្តាប្រទេសផ្សេងៗទៀត។

ការស្នើសុំនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្នុី និងហ៊េកហ្ស៊ីហ្គូវីណា។

ក្នុងឱកាសនោះ លោកបណ្ឌិតអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ពីសុខសន្តិភាព សុខដុមរមនីយកម្ម និងគ្មានការរើសអើងនៅកម្ពុជា នៅពេលដែលលោកបានធ្វើដំណើរបំពេញទស្សនកិច្ចការងារមកកម្ពុជា និងបានជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួន កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។

លោកបានបន្ថែមថា កម្ពុជាជាប្រទេសគំរូមួយសម្រាប់បណ្តាដ៏ទៃសិក្សា និងរៀនសូត្រតាម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលមានស្នាដៃក្នុងការកសាងសន្តិភាព ប្រកបដោយប្រសិទ្ធភាព និងជាប្រទេសដែលស្រលាញ់សន្តិភាព មានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ អ្នកកាន់សាសនាទាំងអស់ទទួលបានភាពកក់ក្តៅ និងគុណតម្លៃលើសិទ្ធិនៃការរស់នៅ និងប្រតិបត្តិសាសនា។

ក្នុងជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើអគ្គលេខា RABITA ឲ្យជួយបន្ថែមចំនួនអ្នកទៅចូលរួមធ្វើបុណ្យធម្មយាត្រាហាជ្ជីផងដែរ ខណៈកន្លងមកកម្ពុជាក៏ធ្លាប់ទទួលបានកញ្ចប់ជំនួយមនុស្សធម៌ពីអង្គការនេះ សម្រាប់ចែកជូនប្រជាពលរដ្ឋទូទៅដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់ និងមានជាកញ្ចប់អាហារសម្រាប់ចែក ក្នុងខែរ៉ាម៉ាឌនផងដែរ។

លោកបណ្ឌិត ក៏បានអញ្ជើញ លោកអគ្គលេខា RABITA ចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយលោកអគ្គលេខាបានទទួលយក និងពិនិត្យលទ្ធភាពចូលរួម។

សូមជម្រាបជូនថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត និងមានការិយាល័យរបស់ខ្លួនជាច្រើន ក្នុងបណ្ដាប្រទេសចំនួន៩៥៕