(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មាធិការដ្ឋាភិបាលឌីជីថល កំពុងតែជំរុញក្រសួង-ស្ថាប័ន ឲ្យមានក្រុមបដិវត្ដកម្មឌីជីថល ដើម្បីជួយពន្លឿនគោលនយោបាយរដ្ឋាភិបាលឌីជីថល។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ ពុទ្ធិវុធ ជាប្រធានគណៈកម្មការ រៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល អញ្ជើញជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​។

លោក សុខ ពុទ្ធិវុធ បានបញ្ជាក់យ៉ាងដូច្នេះថា​ «បច្ចុប្បន្ន តាមរយៈគណៈកម្មាធិការដ្ឋាភិបាលឌីជីថល យើងកំពុងតែជំរុញក្រសួង-ស្ថាប័ននីមួយៗ ឲ្យមានក្រុមបដិវត្ដកម្មឌីជីថល ដើម្បីជួយពន្លឿនអភិវឌ្ឍន៍ គោលនយោបាយរដ្ឋាភិបាលឌីជីថល ឲ្យបានលឿនហើយមានប្រសិទ្ធភាព»។

បន្ថែមពីនោះទៀត លោក សុខ ពុទ្ធិវុធ បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា នៅឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅចំនួន៤ យុទ្ធសាស្ដ្រចំនួន១០ និងផែនការសកម្មភាពអាទិភាពចំនួន៨៣។

បើតាមលោក សុខ ពុទ្ធិវុធ ក្រោមការដឹកនាំ របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចធិបតី បានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់នូវភាពគន្លឹះចំនួន៥ គឺ៖
* ការអភិវឌ្ឍន៍មូលធនមនុស្ស
* ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែង
* ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ
* ការអភិវឌ្ឍន៍ឲ្យមានភាពធន់ចរីភាព និងបរិប័ន្ន
* ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល។

លោក សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ថា យុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១នេះ ដើម្បីគាំទ្រចក្ខុវិស័យ នៅក្នុងឆ្នាំ២០៥០ ដែលជំរុញឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់។

ជាមួយគ្នានេះ លោក សុខ ពុទ្ធិវុធ បានលើកឡើងថា ដើម្បីឲ្យប្រទេសកម្ពុជា មានចំណូលខ្ពស់បាន យើងត្រូវតែជំរុញឲ្យមានសង្គមឌីជីថល នៅក្នុងប្រទេសកម្ពុជា។ សង្គមឌីជីថល ដែលអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ នៅក្នុងការជំរុញ ការអភិវឌ្ឍន៍ប្រទេស ឲ្យបានពេញសក្ដានុពល។

លោក សុខ ពុទ្ធិវុធ បានបន្ថែមទៀតថា ដើម្បីធ្វើឲ្យមានសង្គមឌីជីថលបាន គឺយើងត្រូវតែជំរុញឲ្យមាន សេដ្ឋកិច្ចឌីជីថល ដើម្បីពង្រឹងទៅលើភាពប្រកួតប្រជែង របស់សេដ្ឋកិច្ចកម្ពុជា ហើយដើម្បីធ្វើឲ្យមានសេដ្ឋកិច្ចឌីជីថលបាន គឺត្រូវតែជំរុញរដ្ឋាភិបាលឌីជីថល ដើម្បីជាថ្នាលក្នុងការជំរុញ ​និងគាំទ្រការអភិវឌ្ឍន៍វិស័យបដិវត្តកម្មឌីជីថលនៅកម្ពុជា៕