(ស្វាយរៀង)៖ ក្មេងទំនើង១ក្រុម ប្រដាប់ដោយកាំបិត និងដាវជិះម៉ូតូទៅមកៗ រោទិ៍ដំឡើងសំឡេងបំពង់ស៊ីម៉ាំងម៉ូតូសូរទ្រហឹងអឺងកង តាមដងផ្លូវជាតិលេខ១ ក៏ផ្ទុះជាជម្លោះដេញកាប់គ្នាតែម្តង ហើយខណៈនោះក៏ឆ្លៀតឱកាស ប្រើល្បិចរត់ចូលផ្ទះអ្នកស្រុក ហើយលួចយកម៉ូតូម្ចាស់ផ្ទះបាន១គ្រឿង ដោយសុវត្ថិភាពដែលម្ចាស់ចតទុកនៅខាងមុខផ្ទះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិលាភ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមក្មេងទំនើងមួយក្រុមប្រមាណ៧នាក់ ទៅ៨នាក់ បានមកឈប់ម៉ូតូហូបបង្អែម លុះមួយសន្ទុះក្រោយមកក៏មានក្មេងជំនើងមួយក្រុមទៀត មានគ្នាប្រមាណជិត១០នាក់ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ ក៏នាំគ្នារោទិ៍ម៉ូតូលាន់សូរទ្រហឹងអឺងកង ជិះហួសបន្តិច ក៏បាននាំគ្នាបត់ម៉ូតូមកវិញហើយឌឺដងដាក់ក្មេងមួយក្រុម កំពុងហូបបង្អែមនៅទីនោះ។

ខណៈនោះក្រុមក្មេងកំពុងហូបបង្អែមនាំគ្នារើសដុំថ្ម កាន់គ្រប់ដៃសម្រាប់ការពារខ្លួន ខ្លះក៏អូសម៉ូតូចូលក្នុងផ្ទះអ្នកស្រុក។ ចំណែកឯក្មេងមួយក្រុម ជិះម៉ូតូពេលមកដល់ ក៏ផ្ទុះជម្លោះហើយយកដុំថ្មគប់ទៅលើ ១ក្មេងទំនើង ទាំងនោះតែម្តង។

ស្រាប់តែក្រុមក្មេងទំនើងឈប់ម៉ូតូ ខ្លះបានចុះពីលើម៉ូតូកាន់កាំបិតគ្រប់ដៃ ដេញកាប់ក្មេងមួយក្រុមនោះ រត់គេចខ្លួនចូលក្នុងផ្ទះអ្នកស្រុកឱ្យជួយ ស្របពេលនោះបក្ខពួកក្មេងទំនើងប្រមាណ៥ ទៅ៦នាក់ បានធ្វើជាដេញគ្នា រត់ចូលផ្ទះអ្នកលក់ចាប់ហួយក្បែរនោះ ក៏លួចអូសយកម៉ូតូម្ចាស់ផ្ទះមួយគ្រឿង ដែលទុកមុខផ្ទះជិះចេញទៅបាត់ ហើយមានម្នាក់ទៀតបម្រុងអូសម៉ូតូ១គ្រឿងទៀត ប៉ុន្តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ទាញកាំបិតគប់ក្រុមក្មេងទំនើងភ័យ ក៏រត់ចេញឡើងជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយមកម្ចាស់ម៉ូតូ ដែលក្មេងទំនើងលួចយកទៅបាត់នោះ បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក្នុងផ្ទះទើបឃើញសកម្មភាពក្មេងទំនើង ចូលលួចយកម៉ូតូបាត់ ហើយក៏បានទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្ដង។

ពាក់ព័ន្ធករណីខាងលើនេះលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា «ពិតជាមានករណីនេះ កើតឡើងនៅមូលដ្ឋានរបស់លោកពិតប្រាកដមែន ដោយមានក្មេងទំនើងកើតជម្លោះគ្នា ហើយក្រុមក្មេងទំនើងទាំងនេះ សុទ្ធតែជាអ្នកស្គាល់គ្នាមិត្តភក្តិនឹងគ្នាទៀតផង»។ 

លោកអធិការបានបញ្ជាក់ថា នៅពេលដែលកើតជម្លោះឈ្លោះទាស់ទែងគ្នានេះ ក្រុមក្មេងទំនើងបានចូលយកម៉ូតូ១គ្រឿង ពីផ្ទះប្រជាពលរដ្ឋ ជិះគេចចេញទៅបាត់ ហើយក្រោយមកអ្នកដែលយកម៉ូតូទៅនោះឆាត Facebook ប្រាប់មិត្តភក្តិថានឹងយកម៉ូតូនេះ ទៅផ្លុងចោលនៅកន្លែងណាមួយ តែរហូតដល់ពេលនេះមិនទាន់រកឃើញម៉ូតូនោះទេ។

លោកបន្តថា ឥឡូវនេះសមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយ តែដោយសារព័ត៌មានបែកធ្លាយលឿនពេកធ្វើឱ្យក្រុមទំនើងទាំងនោះគេចខ្លួន តែទោះយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅសមត្ថកិច្ចជំនាញ ដើម្បីចុះសហការចាប់ក្មេងទំនើងទាំងអស់នោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាពុំខានឡើយ៕