(ភ្នំពេញ)៖ សមាគមក្រុមការងារ១០០រាត្រី បានសង្កត និងតាមដានយ៉ាងយកចិត្តទុកដាក់អំពីដំណើរការឃោសនាបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយបានសង្កេតឃើញថា មានគណបក្សនយោបាយមួយបាន និងកំពុងគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។

សមាគមក្រុមការងារ១០០រាត្រី សូមថ្កោលទោសចំពោះទង្វើគំរាមគំហែង ដែលផ្ទុយពី មាត្រា៧១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។

សមាគមក្រុមការងារ១០០រាត្រី សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសូមគាំទ្រចំពោះ សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាននូវដំណើរការបោះឆ្នោត ទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង។

សមាគមក្រុមការងារ១០០រាត្រី សូមគាំទ្រក្រសួងមហាផ្ទៃឱ្យមានវិធានការតឹងរឹងបំផុត ចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោត។

សមាគមក្រុមការងារ១០០រាត្រី សូមប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាសូមប្រើសិទ្ធរបស់បងប្អូន ដើម្បីជ្រើសរើសបានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលបងប្អូនពេញចិត្ត៕