(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់លោក យ៉ាន ឧត្តម នាយករងសាខា សហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្សនៃវិទ្យាល័យអន្លង់វិល ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ។

ពិធីនេះមានការចូលរួមពីសិស្សានុសិស្សចំនួន ២,៣៩១នាក់ ក្នុងនោះស្រី១,៣៨០នាក់ ក្នុងគោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបានក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ដែលត្រូវទាមទារឱ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យ បានគ្រប់គ្នា ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ពិសេសសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។

លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងតំណាងលោក ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបាន សំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាពឱ្យបានត្រឹមត្រូវ នៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ ។

នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបញ្ជ្រាប់ការងារបរិស្ថាន ដោយលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» « ប្តេជ្ញាឈប់ប្រើប្រាស់ប្លាស្ទិក» និងគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលវាផ្តល់ផលអាក្រក់ខ្លាំងដល់បរិស្ថាន និងសភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ពិសេសធ្វើឱ្យផែនដីឡើងកំដៅ វាត្រូវការចំណាយពេលរហូតដល់ទៅរាប់សិបឆ្នាំ ទើបអាចរលាយបាន មិនតែប៉ុណ្ណោះការដុតកាកសំណល់ថង់ប្លាស្ទិក ក៏មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសុខភាព មនុស្ស សត្វ ផងដែរ។

នៅក្នុងផ្សែងដែលចេញពីការដុតនោះ មានផ្ទុកសារធាតុឌីអុកស៊ីត ដែលជាភ្នាក់ងារបង្កជំងឺមហារីក និងបំផ្លាញស្រទាប់អូហ្សូន ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួម ក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។

ក្នុងឱកាសនោះក្រុមការងារ បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមការអូសទាញពីមិត្តភ័ក្ត្រ ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹង ចង់សាកឱ្យសោះ ព្រោះថា គ្រឿងញៀនវាធ្វើឱ្យ បាត់បង់នូវសមត្ថភាព ក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើអប្បាយមុខផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះក្រុមការងារបានរៀបចំជាសំណួរ-ចម្លើយដល់សិស្សានុសិស្ស ហើយអ្នកឆ្លើយសំណួរត្រូវនឹងទទួលបានមួកសុវត្ថិភាព១ ព្រមទាំងបានចែកជូនឯកសារពាក់ព័ន្ធសុវត្ថិភាព ចរាចរណ៍ជាច្រើនទៀតផងដែរ៕