(បាងកក)៖ អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាធុរកិច្ចជាមួយលោក ហ៊ុន សារឿន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ នាស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកក។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនលោកឯកអគ្គរាជទូតនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងការគោរពជូនពរពីអ្នកឧកញ៉ាប្រធាន។

ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានជម្រាបជូនលោកឯកអគ្គរាជទូតអំពីសាវតាសមាគមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ជាពិសេសតួនាទីស្នូល ដែលបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ស្តីពីគោរមងារឧកញ៉ា ព្រមទាំងបានបង្ហាញពីកិច្ចការ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមបាន និងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងភាពជាដៃគូមួយដ៏មានសក្តានុពល ក្នុងការជំរុញសកម្មភាពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគិន មកកាន់ប្រទេសកម្ពុជា។

កិច្ចពិភាក្សាធុរកិច្ចនេះ នឹងបើកឱកាសឱ្យសមាជិកសមាគមទាំងអស់អាចស្វែងរកដៃគូអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្ម និងការកៀរគរវិនិយោគិនបន្ថែមទៀត ក្នុងវិស័យសក្តានុពលរបស់កម្ពុជាតាមរយៈការភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូជាមួយវិនិយោគិនថៃ និងវិនិយោគិនផ្សេងៗដែលបាននិងកំពុងធ្វើអាជីវកម្ម នៅក្នុងប្រទេសថៃនេះផ្ទាល់តែម្តងតាមរយៈការជួយសម្របសម្រួល និងសហការរៀបចំដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

លោក ហ៊ុន សារឿន បានកោតសរសើរពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងនានាជាមួយរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលសមាគមសម្រេចបានក្នុងនាមជាស្ថាប័នតែមួយគត់ ដែលតំណាងគោរមវន្តទាំងអស់នៅកម្ពុជា ដែលមានចែងនៅក្នុងព្រះរាជក្រឹត្យខាងលើ។

លោកបានបន្តថា ស្ថានទូតនឹងខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដើម្បីផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាជូនបណ្តាធុរជនថៃ និងស្ថានទូតនៃប្រទេសជាមិត្ត ជាពិសេសការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ, វេទិកាធុរកិច្ច, ការផ្គូផ្គងអាជីវកម្ម និងកិច្ចសន្ទនាអាជីវកម្មនានា ដែលជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់ការផ្គូផ្គង រវាងពាណិជ្ជករកម្ពុជាជាមួយដៃគូបរទេស និងថៃដែលសុទ្ធសឹងតែជាពាណិជ្ជករ មានសក្តានុពលដើម្បីជាគុណប្រយោជន៍ សម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា ជាពិសេសគម្រោងក្នុងការអញ្ជើញធុរជនថៃទៅទស្សនកិច្ច និងស្វែងរឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុនាពេលសមស្របណាមួយ។

លើសពីនេះ លោកបានសង្កត់ធ្ងន់ថា តាមរយៈសមាគមឧកញ៉ាកម្ពុជា គឺជាច្រកមួយក្នុងការកៀរគរវិនិយោគិនពីកម្ពុជា មកវិនិយោគនៅថៃផងដែរនាពេលខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយសម្របសម្រួលដោយស្ថានទូតយើង ក្នុងភាពជាដៃគូផ្នែកឯកជនមួយ ដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងការបង្កើតការងារជាដើម។

ស្ថាប័នទាំងពីរតាំងចិត្តរួមគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដល់ធុរកិច្ចជនទាំងសងខាង តាមរយៈការបង្កើតឱ្យមានយន្តការទំនាក់ទំនងដ៏មានប្រសិទ្ធភាពមួយរវាងស្ថាប័នទាំងពីរ នាពេលសមស្រមណាមួយ៕