(កំពង់ចាម)៖ ក្រុមការងារអន្ដរក្រសួងដឹកនាំដោយលោក ហួត សារីម អនុរដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ដ្រីបច្ចេកទេសផ្លូវជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លេីការងារស្ថាបនាផ្លូវ ក្រាលកៅស៊ូ DBST ១ខ្សែប្រវែង ៣,៥០០ម៉ែត្រ ស្ថិតក្នុងស្រុកបាធាយ និងផ្លូវក្រាលដីល្បាយគ្រួស ១ខ្សែមានប្រវែងសរុប ៦,០០០ម៉ែត្រ ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងដំណេីរចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មួយខ្សែនេះ លោក ហួត សារីម បានបញ្ជាក់ថា ផ្លូវក្រាលកៅស៊ូនេះ គឺអនុវត្តន៍គម្រោងដោយនាយកដ្ឋានវិស្វកម្មរបស់ក្រសួងការពារជាតិ ដោយប្រេីប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោក ហួត សារីម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវឱ្យបានល្អ ព្រមទាំងហាមដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ដែលធ្វើឱ្យផ្លូវងាយរងគ្រោះផងដែរ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទនឹងបន្ដសាងសង់ផ្លូវជាច្រើនខ្សែទៀត នៅឆ្នាំ២០២៤ និងឆ្នាំបន្ដបន្ទាប់ទៀត សម្រាប់អាណត្ដិទី៧ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ដោយឡែកប្រជាពលរដ្ឋដែលកំពុងដំណេីរលេីផ្លូវនេះបានសម្ដែងការសាទរ និងសប្បាយរីករាយ ក្រោយពេលដែលផ្លូវក្រាលកៅស៊ូនេះ ដែលជួយសម្រួលជីវភាពគ្រួសារបានកាន់តែល្អប្រសេីរ និងវាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានកសាងអភិវឌ្ឍន៍ និងថែទាំផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដែលជាសមិទ្ធផលបានបង្ហាញថា រាជរដ្ឋាភិបាលមានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
គូសបញ្ជាក់ថា ស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ១ខ្សែមានប្រវែង ៦,០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាល០,២ម៉ែត្រ កសាងលូប្រអប់ចំនួន១កន្លែង លូមូលមុខពីរចំនួន១កន្លែង និងលូមូលមុខមួយចំនួន៦កន្លែង ស្ថិតក្នុងភូមិត្រពាំងក្រសាំងទៅភូមិអូរដូន ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងមួយខ្សែទៀតស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ចំនួន១ខ្សែប្រវែង ៣,៥០០ម៉ែត្រ មានទទឹង៦ម៉ែត្រ ដែលអនុវត្តន៍ដោយនាយកដ្ឋានផ្លូវលំជនបទស្ថិតក្នុងឃុំជេីងព្រៃ ឆ្ពោះទៅឃុំត្រពាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕