(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

បើតាមលោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់នេះ មានឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះរឺចី ណៃ(លីប) ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ថា សោភា ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលាម៉ោង២០៖០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា កាលពីវេលាម៉ោងកេីតហេតុខាងលើកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រក្រុងក៏ប្រទះឃេីញក្រុមក្មេងទំនេីង ដោយមានការសង្ស័យ កម្លាំងក៏បានឆែកឆេរទៅលើក្រុមក្មេងទនើងទាំង០៣នាក់ រកឃើញមានកាំបិតខ្វែវ ប្រវែង ៣៦សង់ទីម៉ែត្រ ចំនួន០១ដើម ភ្លាមៗកម្លាំងក៏បានដកហូត និងធ្វេីការឃាត់ជនសង្ស័យទាំង០៣នាក់នោះភ្លាមៗ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំ ក្រុមក្មេងទំនេីងទាំង៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានលាក់ទុកកាំបិតខ្វែវក្នុងម៉ូតូដើម្បីការពារខ្លួនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕