(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ ទិសដៅខែមិនា ឆ្នាំ២០២៤ និងបំពាក់ឋានន្តរសក្តិជូនយោធិនជានាយទាហានថ្នាក់វរសេនីយ៍ត្រី ចំនួន២រូប នៃកងរាជអាវុធហត្ថខេត្ត ។

ពិធីនោះក៏មានការចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោក នាយ នាយសេធិការរង លោក ប្រធានមន្ទីរទាំង៧ លោក លោកស្រី នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុកទាំង៩ និងមេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំង នាយទាហានរងជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានផ្តាំផ្ញើរដល់នាយទាហានដែលទើបបំពាក់ឋានន្តរសក្តិថ្មី ត្រូវខិតខំយកចិត្តទុកដាក់បម្រើការងារជូនអង្គភាពឲ្យបានល្អ គោរពវិន័យ ស្របតាមការផ្តល់សេចក្តីទុកចិត្តរបស់ថ្នាក់លើ។ លោកមេបញ្ជាការបានបន្ថែមថា មិនចំពោះតែអ្នកដែលទើបតែបំពាក់ឋានន្តរសក្តិថ្មីនេះទេ ទាំងនាយទាហាន នាយទាហានរងដែលស្ថិតនៅក្នុងក្របខណ្ឌចាត់តាំងស្រេចហើយ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរៀងៗខ្លួន ស្គាល់ភារកិច្ចរបស់ខ្លួន កុំធ្វើការលូកលាន់គ្នា នាំឲ្យមានការអាក់អន់ចិត្តជាមួយគ្នាបណ្តាលឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង។ លើកលែងតែមានការប្រគល់ភារកិច្ចដោយឡែកពីមេបញ្ជាការ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តទៀតថា យើងត្រូវចូលរួមគោរពអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក ប្រុងប្រយ័ត្នចំំពោះការសេពគ្រឿងស្រវឹង ហើយបើកបរបង្ករគ្រោះថ្នាក់ ឬច្រងេងច្រង៉ាងដាក់មន្ត្រីត្រួតពិនិត្យអនុវត្តន៍ច្បាប់។ ការបើកបរលើល្បឿនកំណត់នាំឲ្យមានការផាកពិន័យធ្ងន់ធ្ងរ។ ដោយឡែកឃើញបងប្អូន១ចំនួនស្រវឹងញឹកញាប់ក្នុងម៉ោងធ្វើការការងារ ត្រូវកែប្រែឡើងវិញ បើមិនមានការកែប្រែទេ នឹងស្នើសុំការផ្លាស់ប្តូរ សុំកែសម្រួលហើយ គ្មានការយោគយល់ មិនឲ្យមានការអន្តរាគមន៍ទេ។

លោកមានប្រសាសន៍បន្តថា ត្រូវយកចិត្តទុកដាក់ចូលរួមស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន សូមកុំប្រព្រឹតិ្ត និងពាក់ព័ន្ធឲ្យសោះ អ្នកប្រើប្រាស់អាចដកសក្តិកាត់ចេញពីបញ្ជីគ្រប់គ្រង បើអ្នកជួញដូរ កាត់ចេញពីជួរហើយផ្តន្ទាទោសតាមច្បាប់ សូមបងប្អូនចូលរួមបង្ក្រាប ទាំងអស់គ្នា ពិសេសការិយាល័យ។

លោក ក៏បានលើកឡើងផងដែរអំពីបញ្ហាក្តៅមួយទៀតនោះគឺតំបន់៣ បឹងទន្លេសាប សូមឲ្យនាយអាវុធហត្ថរូបណាដែលមានការពាក់ព័ន្ធនឹងការរុករានទន្រ្ទានយកដីក្នុងតំបន់៣ សូមដកខ្លួនចេញជាបន្ទាន់ អ្នកទន្រ្ទានព្រៃលិចទឹកបឹងទន្លេសាបអាចប្រឈមមុខច្បាប់ដូចគ្នានឹងបទល្មើសដទៃទៀតដែរ។ ហេតុនេះសូមកុំមានការពាក់ព័ន្ធ ហើយនាំគ្នាសហការបង្ក្រាបឲ្យបាននូវមុខសញ្ញាបំផ្លាញព្រៃលិចទឹកនេះ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ក៏បានកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់លើការងារភារ:កិច្ចរបស់ខ្លួន និងអនុវត្តន៍បានល្អ រាល់បទបញ្ជាផ្សេងៗរបស់មេបញ្ជាការ៕