(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សានៃសាលាបឋមសិក្សារកា ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងបញ្ជាក់ថា វិស័យអប់រំដើរតួយ៉ាងសំខាន់ ដើម្បីឱ្យក្មួយៗ សិក្សានុសិស្សទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។

លោក ងួន រតនៈ បានបន្តថា បច្ចុប្បន្នអគារសិស្សមាន ០៤ខ្នង ០៣ខ្នង មានសភាពចាស់ទ្រុឌទ្រោម បន្ទប់តូច និងខ្វះខាតការបំពាក់សម្ភារបរិក្ខា សម្រាប់ដំណើរការបង្រៀន និងរៀន ដូចជាតុសិស្សចំនួន២០តុ តុសម្រាប់គ្រូមាន០៣ កៅអីគ្រូមាន០៣ និងក្តារខៀនមាន០៣ និងខ្វះបង្គន់អនាម័យ សម្រាប់សិស្សផងដែរ។ ដើម្បីគាំទ្រដល់ដំណើរបង្រៀន និងរៀន នៅសាលារៀនបានល្អ ផ្តល់ឱកាសដល់កុមារា កុមារី ទទួលបាននូវចំណេះ នឹងមានភាពងាយស្រួលក្នុងការសិក្សាពីលោកគ្រូអ្នកគ្រូ។ 

លោកបន្តទៀតថា ដើម្បីឱ្យការសិក្សាប្រកបដោយជោគជ័យ គឺអនុវត្តទៅតាមចតុស្តម្ភអប់រំទាំងបួនសំខាន់ៗមាន (រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ រៀនដើម្បីរួមរស់ជាមួយគ្នា) កត្តាទាំងអស់នេះហើយ ដើម្បីជំរុញឱ្យក្មួយៗទទួលបាននូវការសិក្សារៀនសូត្របានផ្លែផ្កាល្អនៅក្នុងសង្គម។

លោក ងួន រតនៈ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសបងប្អូនប្រជាពលរដ្ឋហាមជាដាច់ខាតកុំប្រព្រឹត្តល្បែងពាលាផងដែរ៕