(កណ្តាល)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការកងទ័ពជើងអាកាស បានក្រើនរំលឹកកងទ័ព ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងពេលនាយឧត្តមសេនីយ៍ សឹង សំណាង អញ្ជើញជាតំណាង​នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បិទសន្និបាតបូកសរុបលទ្ធ​ផល​ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ជំនាញការពារអាកាសនៅថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានការពារអាកាសអគ្គបញ្ជាការត្មាតពង។

នាយឧត្តមសេនីយ៍ សឹង សំណាង បានចាត់ទុកសន្និបាតនេះថាជាព្រឹត្តិការណ៍មួយដែល​គ្រប់តួអង្គពាក់​ព័ន្ធ​​ទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីលទ្ធផលដែលសម្រេចបាន​ក្នុងឆ្នាំ​២០២៣កន្លងទៅ ព្រមទាំងលើកបញ្ហាប្រឈម និងដំណោះស្រាយ។ ជាពិសេសការដាក់ចេញទិសដៅ​ការងា​រ​​សម្រាប់ឆ្នាំ២០២៤ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ចូលរួមចំណែក​អនុ​វត្តនូវគោល​នយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានគូសបញ្ជាក់ដែរថា កិច្ចការពារជាតិ គឺជា​អាទិ​ភាព​មួយក្នុងចំណោមអាទិភាពទាំងឡាយដែលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាន​នូវ​សន្តិភាព ស្ថិរភាពនៅកម្ពុជា។

នាយឧត្តមសេនីយ៍ បានទាញចំណាប់អារម្មណ៍ថា ឥឡូវនេះឥទ្ធិពលការវាទទីភូមិសាស្ត្រ​នយោបាយ​របស់​ពួកបរទេស បានឱ្យកម្ពុជាគិតគូរពីគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបនឹង​ការ​គំរាម​កំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ និងអនាគត់។ កងទ័ពត្រូវពង្រឹងដើម្បីធានាការ​ការពារ​សន្តិ​ភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៅគ្រប់កាលៈទេសៈ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានរំលឹកដល់នាយទាហាន ពលទាហានកងការពារអាកាស ត្រូវយក​ចិត្តទុកដាក់កម្រិតខ្ពស់ដល់សន្តិសុខជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម គឺជាកត្តាចាំបាច់បំផុត និយាយ​ជារួមសន្តិភាពកើតមាននៅកម្ពុជា គឺជាពលិកម្មសាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន យុទ្ធនារី​។

«រយៈពេលកន្លងមកនេះ ពួកអមិត្តវានៅតែចិញ្ចឹមចិត្តចង់ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់​ដែលកើត​ចេញ​ពីការបោះឆ្នោត និងឆន្ទៈប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របពេលដែលពួកគេកំពុងតែធ្វើសកម្មភាព​ប្រ​ឆាំង យើងត្រូវតែលើកកំពស់ស្មារតីទទួលខុសត្រូវ និងពង្រឹងការប្រុងប្រយ័ត្នការពារ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពខ្ពស់រាល់ឧបាយកល​គ្រប់រូបភាពដែលមានបំណងអាក្រក់ ឱ្យ​ទទួលបរាជ័យយ៉ាងអាមាស់»។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ សឹង សំណាង។

ក្នុងពិធីបិទសន្និបាតនោះ នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានណែនាំដល់កង​ទ័ពត្រូវបន្ត​យកចិត្ត​ទុក​ដាក់ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការលើការងារគ្រប់គ្រងដែនអាកាសសហការជាមួយកងទ័ពជើងអាកាស និងអង្គភាពជំនាញពាក់ព័ន្ធ។ ត្រូវជំរុញការងារហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការ ត្រូវរៀបចំផែនការ​កសាង​កម្លាំងដោយផ្អែកលើការងារកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។

បន្ថែមពីលើនោះត្រូវគ្រប់គ្រងថែទាំគ្រឿងបំពាក់ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់​ប្រកបដោយប្រសិទ្ធិភាព។ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងត្រូវរក្សាឱ្យបានល្អប្រសើរ ត្រូវចេះរក្សាកិច្ចការ​សម្ងាត់​យោធាឱ្យបានខ្ជាប់ខ្ជួន៕