(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នា២០២៤នេះ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំលើកទី២៧ ដើម្បីរិះរកគន្លឹះជំរុញការធ្វើធុរកិច្ចឱ្យកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា រីឯភាគីជប៉ុនដឹកនាំដោយលោក អ៊ូអ៉ីណូ អាតស៊ូហ្ស៉ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅ​កម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហ​ប្រតិបត្តិ​ការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) សមាគមធុរកិច្ច​ជប៉ុន​នៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការ​វិនិយោគនៅកម្ពុជាជាច្រើនរូប​ផងដែរ។

ក្នុងកិច្ចប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទចំនួន១០ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្ដុភារកម្ម ថាមពល ពាណិជ្ជកម្ម និងធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកអគ្គរដ្ឋទូត​ជប៉ុន តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុន ដែលបានអញ្ជើញចូល​រួមកិច្ច​ប្រជុំ​នាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់​ដែល​បានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ចូល​រួមពិនិត្យដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានាដែលស្ថាប័នឯកជន​បានស្នើឡើងឱ្យបាន​ទាន់​ពេល​វេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា បានកាន់តែច្រើន​ឡើង​បន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញអារម្មណ៍រីករាយក្នុងនាមជាសហប្រធានដឹកនាំកិច្ច​ប្រជុំគណៈ​កម្មា​ធិ​ការ​ចម្រុះកម្ពុជា-ជប៉ុនលើកទី២៧ ដែលពោរពេញដោយសារៈសំខាន់។ លោកឯកអគ្គរដ្ឋទូត បានរំឭកអំពី​ការប្រារព្ធព្រឹត្តិការណ៍ជាច្រើនក្នុងខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការ​ទូតកម្ពុជា-ជប៉ុន កាលពីឆ្នាំ​២០២៣កន្លងទៅនេះ។

ឆ្លៀតក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញអារម្មណ៍រំភើបចំពោះការយកចិត្តទុកដាក់ និង​ភាព​ជាអ្នកដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈដំណើរទស្សនកិច្ច​ទៅប្រទេសជប៉ុនកាលពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានជួបពិភាក្សាជាមួយ​ក្រុម​ហ៊ុន​ជប៉ុនជាច្រើន ព្រមទាំងបានលើកឡើងគំនិតផ្ដួតផ្ដើមថ្មី រៀបចំបង្កើតឱ្យមានតំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា-ជប៉ុន ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនមកពីប្រទេសជប៉ុន។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្ត​ការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងបញ្ហាប្រឈម និងសំណូម​ពរ​ដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិ​យោគ​ជប៉ុន​នៅកម្ពុជា។

តាមរយៈការចុះហត្ថលេខារវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ីនហ្សូ អាបេ អតីត​នាយក​រដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ កិច្ច​ប្រជុំ​ទ្វេ​ភាគីនេះ​ក៏ត្រូវបានប្រារព្វរៀបចំឡើងចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕