(កំពង់ចាម)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីសំណេះសំណាលជាមួយ បុគ្គលិក សាស្ត្រាចារ្យ និស្សិត ឆ្នើម នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម​ និងធ្វើពិធីរួមគ្នាមួយទៀត គឺការបរិច្ចាគឈាមជូនអ្នកជំងឺកំពុងរងគ្រោះ ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីផ្តល់ក្តីសង្ឃឹម និងជួយសង្គ្រោះជីវិត» ដែលនេះបង្ហាញឲ្យឃើញថាជាការយកចិត្តទុកដាក់មួយចំពោះអ្នកជំងឺកំពុងរងគ្រោះ។

ពិធីសំណេះសំណាលជាមួយ បុគ្គលិក សាស្ត្រាចារ្យ និស្សិត ឆ្នើម នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីផ្តល់ក្តីសង្ឃឹម និងជួយសង្គ្រោះជីវិត» ធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា​ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងលោក ហាន កុសល្យ អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​មាន​ការ​ចូលរួមពីលោកបណ្ឌិត ជា ដែន លោកវេជ្ជបណ្ឌិត វ៉ា សាវុធ លោកវេជ្ជបណ្ឌិត ជឹម គឹមស្រួន លោកវេជ្ជបណ្ឌិត លុយ សែន លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី លោកវេជ្ជបណ្ឌិត អ៊ុង រតនា ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្តកំពង់ចាមចំនួន ២៧០នាក់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត​៥០នាក់ និងលោកគ្រូ អ្នកគ្រូ និស្សិតសរុប​ទាំង​អស់​ចំនួន ១០០៦នាក់ ។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ  ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ»

លោកបន្ថែមថា «ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ»។

សូមបញ្ជាក់ថា ឈាមទទួលបានពីការបរិច្ចាគ​សរុបមានចំនួន​៥៤ប្លោក ក្នុងនោះស្ត្រីចំនួន៣៥នាក់ រួមមាន៖
- A Rh+    : ០៩   ប្លោក
- B Rh+    :  ១៧  ប្លោក
- AB Rh+  : ០៨   ប្លោក
- O Rh+    :  ២០  ប្លោក។

គួររម្លឹកថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៤ កុម្ភៈ ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៧សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ២សាខា) 

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួន ១៨៥៨ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៥៩,៤១២នាក់ (ដប់បីលាន ដប់ប្រាំម៉ឺន ប្រាំបួនពាន់ បួនរយ ដប់ពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៣២,៦៦៧នាក់ (ប្រាំមួយលាន ចិតសិបបីម៉ឺន ពីរពាន់ ប្រាំមួយរយ ហុកសិបប្រាំពីរ នាក់)គិតត្រឹម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤  បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៩៧០,៦០០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន កៅសិបប្រាំពីរម៉ឺន ប្រាំមួយរយ ដុល្លារសហរដ្ឋអាមេរិក)។

បើតាម លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី «រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាម របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,១៦៤ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនមួយរយហុកសិបបួនដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី»