(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំមួយដើម្បីប្រមូលព័ត៌មាន និងពិភាក្សាស្វែងរកដំណោះស្រាយ លើករណីដីធ្លី ដែលស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ។

មានវត្តមានក្នុងកិច្ចប្រជុំរួមមាន​ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល គណៈអភិបាលខេត្ត ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានភូមិ និងឃុំខាងលើ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ​។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទាំង ៦០គ្រួសារ ដែលទទួលបានដំណោះស្រាយជាផ្លែផ្កា។

លោក ហ៊ុន ម៉ានី បានបន្តថា យន្តការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានទុក្ខលំបាក គឺជាកិច្ចការដែលត្រូវបានបន្តយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕