(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី បេក្ខជនពេញសិទ្ធិជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ បានលើកឡើងថា សមាជិកសមាជិកាក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត ត្រូវតែកំណត់យកសញ្ញា ✓ តែមួយគត់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស្រីថា «អ្វីដែលយើងត្រូវតែកំណត់យកនិមិត្តសញ្ញានេះ ពីព្រោះដើម្បីកុំឲ្យសមាជិកសមាជិកាទាំងអស់ប្រើប្រាស់នៅសញ្ញាផ្សេងដែលធ្វើឲ្យមានការលំបាកឬក៏ភាន់ច្រឡំដែលធ្វើឱ្យសន្លឹកឆ្នោតនោះ ក្លាយជាសន្លឹកឆ្នោត ឥតបានការ»។

លោកស្រីបានថ្លែងដូចនេះ នៅក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក។

លោកស្រីបានបន្តទៀតថា ការបោះឆ្នោតនេះមានសារៈសំខាន់បំផុត ដែលលោកស្រីត្រូវតែក្រើនរំលឹកនិងកំណត់យកសញ្ញា ✓ នេះជានិមិត្តរូបសម្រាប់គូសក្នុងប្រអប់សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១។ ហើយម្យ៉ាងទៀតធ្វើឱ្យសមាជិកសមាជិការបស់យើងងាយស្រួលចំណាំនិងហ្វឹកហាត់គូសនៅផ្ទះឱ្យស្ទាត់ជំនាញផងដែរ។

លោកស្រីបានបន្ថែមទៀតថា ការបោះឆ្នោតសាកល្បងនៅថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពក្រុមការងារយើងក៏ដូចជាការតាមដាន និងវាយតម្លៃនៅលទ្ធផលបោះឆ្នោត ព្រមទាំងស្វែងយល់នៅចំណុចខ្វះខាត ថាតើយើងមានបញ្ហាទៅលើអ្វី ហើយយើងត្រូវបំពេញបន្ថែមអ្វីខ្លះ?

នៅចុងបញ្ចប់លោកស្រី សំណូមពរឲ្យអង្គបោះឆ្នោតទាំងអស់ត្រៀមរៀបចំខ្លួន ឯកសារពាក់ព័ន្ធនានា ថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ហើយលោកស្រីសង្ឃឹម១០០ភាគរយ លើការបោះឆ្នោតខាងមុខនេះ។ សូមបញ្ជាក់ថា សមាជិកសមាជិកាបានចូលរួមសរុបចំនួន៤៥នាក់ ក្នុងនោះមានអង្គបោះឆ្នោតចំនួន២៣នាក់៕