(ភ្នំពេញ)៖ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្រ្តី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខា លើគម្រោងកម្មវិធីជាមួយអង្គការចំនួន៣០ ក្នុងគោលបំណងជួយអភិវឌ្ឍន៍លើវិស័យសង្គមកិច្ចនៅកម្ពុជា។

ក្នុងពិធីចុះហត្ថលេខានោះ ក៏បានពិភាក្សា និងផ្តល់យោបល់ជាមួយអង្គការដៃគូ ដែលបានដាក់ពាក្យស្នើសុំកិច្ចព្រមព្រៀង និងពិភាក្សាពិនិត្យឯកសារ ដែលអង្គការបានបំពេញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងផងដែរ។

លោក ស៊ូនី វង្សវិសិដ្ឋ បានឲ្យដឹងថា នៅក្នុងចំណោមអង្គការទាំង៣០ មានអង្គការអន្តរជាតិ(អង្គការមិនមែនរដ្ឋាភិបាលបរទេស) ចំនួន១៦ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៤ ក្នុងនោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២០ អនុវត្តគម្រោងលើវិស័យកុមារ, សមាគម និងអង្គការចំនួន៦អនុវត្តន៍លើគម្រោងពាក់ព័ន្ធវិស័យគាំពារជនរងគ្រោះ, សមាគម និងអង្គការចំនួន៤ទៀត អនុវត្តន៍គម្រោងពាក់ព័ន្ធវិស័យកិច្ចការគ្រួសារ។

នៅក្នុងឱកាសនោះ លោក ស៊ូនី វង្សវិសិដ្ឋ បានថ្លែងអំណរគុណបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលបានសហការជាមួយក្រសួងសង្គមកិច្ចនាពេលកន្លងមក និងបន្តខិតខំគៀរគរស្វែងរកមូលនិធិ ដើម្បីបន្តអនុវត្តគម្រោង ដើម្បីជាប្រយោជន៍ជួយគាំពារ និងអភិវឌ្ឍន៍ដល់ស្រ្តី កុមារ ជនរងគ្រោះ និងងាយរងគ្រោះ គ្រួសារក្រីក្រ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា បច្ចុប្បន្នមានអង្គការ សមាគមប្រមាណ១៤២ ដែលបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលធ្វើលើវិស័យកុមារចំនួន៩១អង្គការ លើកិច្ចការគំាំពារជនរងគ្រោះចំនួន១៥អង្គការ និងកិច្ចការគ្រួសារចំនួន១៧ និងតាមវិស័យផ្សេងៗទៀត៕