(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានជំរុញដល់គណៈកម្មការ និងអនុគណៈកម្មការសម្រាប់ការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ ត្រូវអនុវត្ដឱ្យបានត្រឹមត្រូវ ទៅតាមតួនាទី ភារៈកិច្ចរៀងៗខ្លួន។

ការថ្លែងបែបនេះរបស់លោក សុក ផេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងប្រកិច្ចប្រជុំស្តីពីការណែនាំតួនាទីភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡាគ្រប់ គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដែលត្រូវបានចាត់តាំងចូលរួមក្នុងគណៈកម្មការនិងអនុគណៈកម្មការនានាចំនួន ១,៩៦៥នាក់។

លោកបានថ្លែងថា ការជួបប្រជុំគ្នាមុនពេលពីរថ្ងៃនេះនៃការប្រឡងថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីឱ្យការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀន នៅតាមគ្រឹះស្ថានក្នុងវិស័យសុខាភិបាល មានដំណើរការប្រកបដោយជោគជ័យ និងតម្លាភាព។

ការប្រឡងថ្នាក់ជាតិនេះនឹងធ្វើឡើងនៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នា រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យបាក់ទូក វិទ្យាល័យជាស៊ីម សន្ធរម៉ុក និងវិទ្យាល័យឥន្ទ្រទេវី ។ បេក្ខជនដែលបានចូលប្រទ្បងមានថ្នាក់វេជ្ជបណ្ឌិតទូទៅចំនួន ៣,៩៨៩នាក់ ថ្នាក់បរិញ្ញាបត្រឱសថ ២,៨៩៦នាក់ ថ្នាក់ទន្តបណ្ឌិតទូទៅ ៧៦៤នាក់ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ១,៦៦៩នាក់ ថ្នាក់បរិញ្ញាបត្រឆ្មប ៤០៩នាក់ និងថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា ៤៨នាក់ បេក្ខជនសរុប ចំនួន ៩,៧៧៤នាក់។

សូមជម្រាបថាបើតាមសេចក្តីជូនដំណឹងលេខ១៦២/២៣ គបជ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការប្រឡងថ្នាក់ជាតិជ្រើស រើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនចំនួន៩ ៨១៤នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឱ្យបេក្ខជនចំនួន៩ ៧៧៤នាក់ អាចមានសិទ្ធិចូលរួមប្រឡងបាន។

កម្មវិធីប្រឡងដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង១៥៖០០នាទី លើមុខវិជ្ជាជីវៈវិទ្យា, ម៉ោង១៥៖៣០នាទី ដល់ម៉ោង៥ល្ងាច លើមុខវិជ្ជាគីមីវិទ្យា។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៦៖០០រសៀល លើមុខវិជ្ជាគណិតវិទ្យា។ ចំពោះលទ្ធផលនៃការប្រឡង គ្រោងនឹងប្រកាសនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤៕