(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការចូលរួមបរិច្ចាគឈាម គឺជាការធ្វើទានប្រកបដោយបុណ្យកុសលយ៉ាងខ្ពស់ ព្រោះជាការរួមចំណែកចូលរួមជួយជីវិតមនុស្ស។

ការលើកឡើងនេះក្នុងឱកាសលោកបណ្ឌិតចូលរួមជាធិបតីបតីភាព ក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការជំរុញការលើកកម្ពស់ ការវិច្ចាគឈាមដោយស្ម័គ្រចិត្ត ក៏ដូចជាតាមការអំពាវនាវ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ដែលកំពុងត្រូវការឈាមជាចាំបាច់។

កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សរុបចំនួន ៩៤រូប ក្នុងនោះរួមមាន មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ បុគ្គលិក និងតំណាងវិស័យឯកជនផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគឈាមពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការជួយសង្គ្រោះជីវិតអ្នកជំងឺ ព្រោះថាមកដល់ពេលនេះ ពុំទាន់មានបច្ចេកវិទ្យាវេជ្ជសាស្ត្រណា អាចផលិតឈាមបាននោះឡើយ។ ជាមួយគ្នានេះដែរ សប្បុរសជនផ្ទាល់ក៏ទទួលបានអត្ថប្រយោជន៍សុខភាព ពីការបរិច្ចាគឈាមផងដែរ។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងអំណរគុណដល់ សប្បុរសជនទាំងអស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងជាពិសេសបានសម្របសម្រួល និងចូលរួមកម្មវិធីថ្ងៃនេះ។

បណ្ឌិត គុណ ញឹម បានគូសរំលេចថា ក្រៅពីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការប្រមូលចំណូលចូលថវិកាជាតិ កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម រួមមាន ការបង្កើតសមាគមសង្គហមិត្តគយ ដើម្បីរៀបចំមូលនិធិសម្រាប់ជួយដល់មន្ត្រីគយ ឬគ្រួសារមន្ត្រីគយដែលជួបប្រទះការលំបាក និងមន្ត្រីគយចូលនិវត្តន៍, ការចុះជួយដល់ក្រុមជនងាយរងគ្រោះ មានដូចជា កុមារកំព្រា, ជនពិកា, អ្នកធាក់ស៊ីក្លូ, ការចូលរួមចំណែកក្នុងមូលនិធិកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាជាដើម។

ជាមួយគ្នានេះ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ធ្លាប់បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទាំងក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងការរៀបចំដោយផ្ទាល់នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាលើកទី១ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ការចូលរួមបរិច្ចាគឈាម គឺជាការធ្វើទានប្រកបដោយបុណ្យកុសលយ៉ាងខ្ពស់ ព្រោះជាការរួមចំណែកចូលរួមជួយជីវិតមនុស្ស។

ទន្ទឹមនេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ មន្ត្រីគយ និងរដ្ឋាករ បុគ្គលិក និងតំណាង វិស័យឯកជនបន្តធ្វើសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃ ប្រកបដោយក្តីស្រឡាញ់ និងការជួយសង្គ្រោះជីវិតមនុស្ស តាមរយៈចូលរួមបរិច្ចាគឈាមនៅពេលក្រោយៗទៀត។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក តំណាងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានចូលរួមកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃនេះ៕