(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអំពាវនាវកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅស្រុកកំពង់រោទិ៍ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសបញ្ហាចរាចរណ៍ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ព្រោះថាគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។

ការថ្លែងអំពាវនាវរបស់លោកបណ្ឌិត សម តារា បែបនេះក្នុងឱកាសដែលលោកបណ្ឌិត ចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំបន្ទាយក្រាំង ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងបាននាំអំណោយចែកជូនពលរដ្ឋដែលមានជីវភាពខាតចំនួន៤គ្រួសារ ព្រមទាំងចុះពិនិត្យមើលប្រព័ន្ធស្រោចស្រប់ស្រូវរដូវប្រាំងរបស់ពលរដ្ឋ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។

លោក សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី ដែលអង្គបោះឆ្នោតនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតផងដែរ។

លោកបណ្ឌិត ក៏បានទទួលយកការសំណូមពរ របស់ក្រុមប្រឹក្សាឃុំបន្ទាយក្រាំង នូវបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋាន ដូចជា បញ្ហាទឹកធ្វើស្រែ បញ្ហាឆក់ត្រី គ្រួសារមានបណ្ណ័ក្រីក្រ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពាក់ពន្ធ័ផងដែរ។

លោកបានស្នើដល់អាជ្ញាធរឃុំបន្ទាយក្រាំង ត្រូវបន្តចូលរួមអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ស្របតាមយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ បានផ្តោតសំខាន់ទៅលើវិស័យ៥ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ មនុស្ស បច្ចេកវិទ្យាឌីជីថល ដែលមានសម្តេចធីបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានផុសផុលបន្ថែមទៀត ព្រមទាំងចូលរួមអប់រំពលរដ្ឋនៅមូលដ្ឋានឲ្យធ្វើអំពើល្អ យល់អំពីសុជីវធម៌រស់នៅ យល់ដឹងពីច្បាប់ដើម្បីធ្វើអ្វីៗ កុំឲ្យឃ្លាតពីច្បាប់ដែលនាំឲ្យមានទោសទណ្ឌជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុកកំពង់រោទិ៍ ត្រូវចូលរួមណែនាំដល់ពលរដ្ឋ ឲ្យសន្សំសំចៃទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះឲ្យបានគ្រប់គ្រាន់ ម្យ៉ាងទៀតបន្តធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំ សុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅខេត្តស្វាយរៀង មានអង្គបោះឆ្នោតសរុប៥១៨នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួន៤១៣អង្គបោះឆ្នោត និងគណបក្សភ្លើងទៀន១០០អង្គបោះឆ្នោត។

សូមបញ្ជាក់ថា នៅក្នុងដំណើរចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំបន្ទាយក្រាំង លោកបណ្ឌិត សម តារា ក៏បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ ក្នុងឃុំបន្ទាយក្រាំង និងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនព្រមទាំងឧបត្ថម្ភផ្សេងៗទៀត សរុបថវិកាចំណាយក្នុងកម្មវិធីមានចំនួន ៣៥០០០០០រៀលផងដែរ៕