(ព្រៃវែង)៖ លោកបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការតំណាងលោក លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង។

ពិធីនេះត្រូវបានរៀបចំឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌល បណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តព្រៃវែង ព្រមទាំងសិក្ខាកាម ដែលបញ្ចប់ការសិក្សាឆ្នាំ២០២៣ និងសិក្ខាកាមឆ្នាំ២០២៤ សរុបចំនួន៨១នាក់ (ស្រី២៦នាក់)។

សូមបញ្ជាក់ថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរ លើជំនាញអ៊ុតសក់-កែសម្ផស្ស ចំនួន១៣នាក់ (ស្រី១០នាក់) និងវគ្គកុំព្យូទ័ររដ្ឋបាល ចំនួន១៩នាក់ (ស្រី១៦នាក់)។ ដោយឡែកសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនក្នុងឆ្នាំ២០២៤នេះ លើជំនាញ លើជំនាញអ៊ុតសក់-កែសម្ផស្ស និងវគ្គកុំព្យូទ័ររដ្ឋបាល សរុបចំនួន៣៥នាក់។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោក ឆាយ ឫទ្ធិសែន ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្ខាកាមទាំងអស់ដែលបាននិងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ដព្រៃវែង។

លោកបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំ សិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។

ជាមួយគ្នានេះ លោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបចូលសិក្សាវគ្គថ្មី ឆ្នាំ២០២៤ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ទាន់ ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត៕