(ភ្នំពេញ)៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួននោះ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ ដោយដាក់ទិសដៅឲ្យអាជ្ញាធរសង្កាត់ទាំង៨ បង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក​ -លោកស្រីចៅសង្កាត់​ លោកមេប៉ុស្តី​ និងស្មៀនសង្កាត់ទាំង៨ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ។

ការដាក់បទបញ្ជាបែបនេះរបស់លោក ចេង មុនីរ៉ា បានធ្វើឡើង ក្រោយអភិបាលរាជធានីប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ ដើម្បីអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្តរួមមាន៖

*ទី១៖ ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវខ្លឹមសារគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដល់បងប្អូន ប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជាខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់។ ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋាន មានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

*ទី២៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរថែមទៀត ដោយអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ។ ចំណុចមួយទៀត ពេលសិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរ នៅតាមសាលារៀនទាំងអស់ដើម្បីកុំឲ្យកកស្ទះ ក៏ដូចជាសុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ។ មួយផ្នែកទៀតត្រូវរៀបចំសណ្តាប់ធ្នាប់រថយន្តតាក់ស៉ី ដែលឈប់ចតចាប់ម៉ូយរត់ប្រសេចប្រសាច នៅលើចិញ្ចើមផ្លូវជាតិលេខ១ ចំណុចជិតគល់ស្ពានព្រះមុនីវង្សទៅដល់ វត្តនិរោធ។ សកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។

អភិបាលខណ្ឌបានណែនាំឲ្យអនុវត្តបន្តតាមកិច្ចសន្យាដែលមានស្រាប់ជាមួយម្ចាស់ផ្ទះ ដែលបានធ្វើជាមួយអាជ្ញាធ ជាពិសេសផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់ខេត្តកណ្តាល ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់តំបន់ច្រាំងបាក់ និងតាបណ្តោយផ្លូវជាតិលេខ១ ទៅដល់ព្រំប្រទល់ស្រុកកៀនស្វាយ។

*ទី៣៖ ត្រូវយកចិត្តទុកដាកក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ សេវ៉ាតម្រូវការ សេវ៉ាសំណូមពរ សេវ៉ាចាំបាច់ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋរស់នៅក្នុងបុរីនិងសំណង់ផ្ទះល្វែងឲ្យបានហ្មត់ចត់បំផុត។

ចុងបញ្ចប់ នៃកិច្ចប្រជុំអភិបាលខណ្ឌ បានកោតសសើរកងកម្លាំងទាំងអស់ និងសង្កាត់ដែលបានសហការគ្នាល្អ ក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈបានល្អប្រសើរ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេស គណៈបញ្ជាការឯកភាពសង្កាត់ខណ្ឌ។ លោកថា ចាប់ពីពេលនេះតទៅត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ៕