(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានលើកឡើងថា ជោគជ័យព្រឹត្តិការណ៍កីឡាដែលសម្រេចបាននាពេលកន្លងមក បានផ្តល់មេរៀន និងបទពិសោធន៍ ល្អៗជាច្រើនសម្រាប់កម្ពុជា ក្នុងការឈានឆ្ពោះទៅរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបន្តទៀត។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកដណ្ដើមបានជយលាភី ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២២ ដែលធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា តាមរយៈកីឡានេះ បានធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាង កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រទេសក្នុងតំបន់ និងពិភពលោក កាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ មួយវិញទៀត ផ្ដើមចេញពីគុណវុឌ្ឍជាច្រើនដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងត្រូវបន្តក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់របស់យុវជនសម័យឌីជីថល សម្រាប់ចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក និងអត្តពលិកជនពិការទាំងអស់ដែលបានខិតខំប្រឹងប្រែងដណ្ដើម បានមេដាយមាស ប្រាក់ សំរឹទ្ធ នៅក្នុងការប្រកួតកីឡា ASEAN Para Games នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២។ សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ បានកើតចេញពីការយកចិត្តទុកដាក់ដោយ ផ្ទាល់របស់រាជ រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រួមជាមួយស្ថាប័នជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិជនពិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបាន ខិតខំអភិវឌ្ឍន៍កម្រិតបច្ចេកទេស ធ្វើឱ្យគុណផលកីឡាកើនឡើងឈានដល់ដណ្ដើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលកន្លងមក ព្រមទាំងមានការអបអរសាទរទាំងមជ្ឈដ្ឋានជាតិ អន្តរជាតិ មានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងភាពៃប្រឌិត របស់អត្តពលិកជនពិការកម្ពុជា បានលើកកម្ពស់កិត្តិយសជាតិ និងមោទនៈជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងមក ជាកំណត់ត្រាដែលចាត់ទុកថាគ្រួសារសហគមន៍អាស៊ាន បានយកចិត្តទុកដាក់យ៉ាងខ្ពស់ដល់សិទ្ធិមនុស្ស និងលក្ខខណ្ឌប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយសុខដុមរមនា រួមទាំងវិស័យពិការរបស់យើងនៅក្នុងសហគមន៍អាស៊ាន ដែលនាំមកនូវកត្តាសត្យានុម័ត និងបង្កសក្តានុពលភាពដល់បងប្អូន មានជនពិការអាចចូលរួមគ្រប់ សកម្មភាពក្នុងសហគមន៍ដោយមិនមានការរើសអើង ដូចពាក្យស្លោកពោលថា «ជនពិការ មានលទ្ធភាព និងគុណវុឌ្ឍចូលរួមគ្រប់សកម្មភាពក្នុងសង្គម ដែលមិនអាចខ្វះបាន» និង «ជនពិការមាន សិទ្ធិស្មើគ្នានឹងជនមិនពិការ»

ជាក់ស្តែង សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលសម្តេចជាជនពិការមួយរូបតែងតែយកចិត្តទុកដាក់ផ្តល់នូវ សុភវិនិច្ឆ័យដល់បងប្អូនជនពិការទូទាំងប្រទេស និងក្នុងតំបន់ សហគមន៍អាស៊ាន ក៏ដូចជានៅក្នុងពិភពលោក សម្តេចតែងតែមានប្រសាសន៍ថា «ជនពិការជាជនមានសមត្ថភាព» សូមស្នើក្រសួង ស្ថាប័ន វិស័យឯកជន មេត្តាយកចិត្តទុកដាក់ចំពោះជនពិការរបស់ដើម្បី សម្របសម្រួលដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក អត្តពលិកជនពិការ និងលទ្ធផលបច្ចេកទេសជាវិជ្ជមាន ដែលជាកត្តាជំរុញ និងបង្កើនកិត្តិយស កិត្យានុភាពជាតិ បង្កើនសក្តានុពល និងឧត្តមភាពជាតិទើប សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តដោយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់សម្តេចទាំងទ្វបន្ថែមពីលើថវិការបស់រាជរដ្ឋាភិបាល ហើយមិនមែនតែលើកនេះទេ សម្តេចទាំងទ្វេតែងគិតគូរ យក ចិត្តទុកដាក់ដល់សុខុមាលភាព ដឹងសុខទុក្ខការលំបាក និងជួយឧបត្ថម្ភគាំទ្រគ្រប់ពេលវេលាដល់គ្រូបង្វឹក អត្តពលិកជនពិការទាំងអស់។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាបន្តលើកស្ទួយ វិស័យកីឡា និងបន្តមរតកពីសម្ដេចតេជោ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះក្នុងយុទ្ធសាស្ត្រ ៦ចំណុចរបស់វិស័យអប់រំ យុវជន និងកីឡា មានចែងអំពីការអភិវឌ្ឍវិស័យកីឡាផងដែរ។ ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រសើរឡើងថែមទៀត សំដៅធ្វើឱ្យមុខមាត់ កិត្តិយស កិត្យានុភាព និងទង់ជាតិកម្ពុជាបានលេចឡើងត្រដែតនៅពេលប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអូឡាំពិក៕