(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់អំពី វឌ្ឍនភាព និងការប្រឈមនានា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមន្រ្តីពាក់ព័ន្ធ៦៥០នាក់ ។

បើតាមរបាយការណ៍បានឱ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការ វិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% នៃចំនួន ភូមិទូទាំងប្រទេស រួចក្នុងឆ្នាំ២០២៣នេះ ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ០.៦០% នៃចំនួនភូមិថែមទៀត ធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី៩៨.២៧% នៅចុងឆ្នាំ២០២២ មក ៩៨.៨៧% នៅចុងឆ្នាំ២០២៣ ។ ដោយឡែកចំពោះភូមិពុំទាន់ មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១៦០ ដែលក្នុងនោះ មានភូមិ ១៤៣ ឋិតក្នុងដែនអាជ្ញាបណ្ណដែល យើងបានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ឋិតនៅក្រៅដែនអាជ្ញាបណ្ណ ។

អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានធ្វើការសិក្សារួមគ្នា អំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនី ទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង ។ ផ្អែកតាមការសិក្សានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៨៣ ភូមិទៀត ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៧៧ ត្រូវជា ០.៥៤% ដែលពុំមានការ ផ្គត់ផ្គង់ពីបណ្តាញជាតិ ។

ទន្ទឹមនឹងនេះ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានរួមគ្នាពិនិត្យ លទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលត្រូវនៅសល់ទាំង ៧៧ នេះ តាមស្ថានភាពជាក់ស្តែង នៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនីពីប្រភពពន្លឺព្រះអាទិត្យប្រព័ន្ធទោល ដែលអាចជាប្រភពទុនរបស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគរបស់ក្រុមហ៊ុនឯកជន ។ល។

ជាកស្ដែងនៅឆ្នាំ២០២៣នេះ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងពី ៣,៥៣៣,៩៣៥ ទីតាំង នៅចុងឆ្នាំ២០២២ មក ៣,៧០៥,៥០៧ ទីតាំង នៅចុង ឆ្នាំ២០២៣ ។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៣ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មាន ចំនួន ៣,៤៥៩,៣៧២ ស្មើនឹង ៩៤.០២% នៃលំនៅឋានសរុប៕