(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមប្រឹក្សា ជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ ដង្ហែក្បួនអបអរសាទរ ក្រុងកំពតទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ដែលការដង្ហែក្បួនអបអរសាទរ ខាងលើនេះ ធ្វើឡើងនៅជុំវិញបណ្ដាផ្លូវនៃក្រុងកំពត។

នាឱកាសដង្ហែក្បួននោះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានលើកថ្លែងឡើងថា ការរៀបចំពិធីដង្ហែក្បូនអបអរសាទរ ក្រុងកំពតទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ ដ៏មហោឡារិក មានទាំងក្បូនទូកនេសាទនៅលើទឹកដងព្រែក ក្បូនរថយន្ត ជុំវិញក្រុង និងក្បូនដង្ហែថ្មើជើង ធ្វើឡើងដើម្បីបង្ហាញអំពីកេរ្តិ៍ឈ្មោះ កិត្តិយស និងមុខមាត់របស់ខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទទួលពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤។ ពិសេសដើម្បីលើកទឹកចិត្ត និងបំផុសឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំង ចូលរួមថែរក្សាបរិស្ថានអន័យ សោភណ្ឌភាព។

ទន្ទឹមនេះ លោកអភិបាលខេត្តកំពត បានណែនាំដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ឲ្យបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និងបានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាន នៅពេលបន្តបន្ទាប់ទៀត ដោយត្រូវចាត់ទុកថា កំពតជាផ្ទះរបស់យើង ជាបេះដូង ដែលយើងគ្រប់គ្នាត្រូវចូលរួមថែរក្សា។

ចំណែកក្រុមយុវជន ដែលបានចូលរួមដង្ហែក្បូនអបអរសាទរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន បានបង្ហាញក្តីរំភើបរីករាយ និងមានមោទកភាពបំផុតដែលឃើញខេត្តរបស់ខ្លួន ទទួលបានពានរង្វាន់នេះ។ ពួកគេបានបញ្ជាក់ ក្រោមការដឹកនាំ របស់លោក ម៉ៅ ធនិន ដែលបានធ្វើឲ្យខេត្ត និងក្រុងកំពត ស្រស់ស្អាត ទាក់ទាញទេសចរណ៍ កាន់តែខ្លាំង ហើយពិតជាស័ក្តិសមនឹងទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានពិតប្រាកមែន ពួកគេប្តេជ្ញានឹងបន្តចូលរួម ដើម្បីធ្វើឲ្យខេត្ត ក៏ដូចក្រុងកំពត កាន់តែស្អាត និងមានសោភណ្ឌភាពទាកទាញទេសចរ ឱ្យកាន់តែច្រើនជាងមុនថែមទៀត។

ក្រុងកំពត នៃខេត្តកំពត ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ក្រុង និងខណ្ឌ ចំនួន៣ របស់កម្ពុជា បានទទួលជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកំពត ក្រុងកែប និងខណ្ឌដូនពេញ។

ពិធីប្រកាសជ័យលាភីខាងលើ ធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងនោះ សម្រាប់ខេត្តកំពត លោកបណ្ឌិត ម៉ៅ ធនិន ជាអ្នកតំណាងឡើងទទួលជ័យលាភីនេះ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពត បានចូលរួមអរអរសាទរ ចំពោះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះផងដែរ៕